ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ពលរដ្ឋ កុំភ័យស្លន់ស្លោ ក្រោយធនាគារអាមេរិកដួលរលំ ត្រូវទុកចិត្តធនាគារនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរថា កុំភិតភ័យ និងកុំស្លន់ស្លោចំពោះមុខ ក្រោយធនាគារអាមេរិកដួលរលំ ហើយពលរដ្ឋខ្មែរ ត្រូវជឿទុកចិត្តសុវត្ថិភាព គ្រប់គ្រងវិស័យហិរញ្ញវត្ថុធនាគារ នៅកម្ពុជា។

ថ្មីៗនេះ ធនាគារធំៗចំនួនពីរនៅអាមេរិកគឺ Silicon Valley Bank និង Signature Bank បានដួលរលំ។ អ្នកជំនាញជាច្រើនបានបង្ហាញ ពីមូលហេតុនៃការដួលរលំរបស់ SVB និង Signature Bank ដោយសារតែ FED បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់អតិផរណាដែលបាន ជះឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារភាគហ៊ុន។ ដូច្នោះហើយ អ្នកជំនាញរំពឹងថា FED ប្រហែលជាត្រូវផ្អាកគោលនយោបាយបច្ចុប្បន្ន ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី១៦ មីនា សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បានដាក់ប្រាក់នៅធនាគារ កុំមានការស្លន់ស្លោរ ព្រោះការស្លន់ស្លោរនឹងធ្វើឲ្យ បាត់បង់ប្រយោជន៍ទៅវិញទេ។

សម្ដេចតេជោបញ្ជាក់ថា «សូមបងប្អូន កុំភិតភ័យ កុំស្លន់ស្លោចំពោះមុខ សភាពការណ៍ដួលរលំធនាគាររបស់អាមេរិក ។ សូមអំពាវនាវសារជាថ្មីម្ដងទៀត ជឿទុកចិត្តសុវត្ថិភាពគ្រប់គ្រងនូវវិស័យហិរញ្ញវត្ថុ ធនាគារនៅកម្ពុជា ហើយធនាគារមានទុនបម្រុង គ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្ដែអ្វីដែលខាតបង់ គឺប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោទៅដកប្រាក់»។

នាយករដ្ឋមន្ដ្រីបន្ថែមថា បញ្ហាធនាគារអាមេរិកដួលរលំនេះ មិនប៉ះពាល់អ្វីដល់ចរន្តសាច់ប្រាក់ ធនាគារនៅកម្ពុជានោះទេ។ ម្យ៉ាងទៀតបញ្ហាធនាគារនៅអាមេរិកនេះ ធ្លាប់បានកើតឡើងម្ដងមកហើយ កាលពីវិបត្តិសេដ្ឋកិច្ចសាកលនាអំឡុងឆ្នាំ២០០៨ ប៉ុន្តែអាមេរិកអាចដោះស្រាយបញ្ហានេះបាន៕

To Top