ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងដំណាក់កាលនៃ សកលភាវូបនីយកម្ម អត្តសញ្ញាណជាតិងាយនឹងបាត់បង់ ប្រសិនបើខ្ជីខ្ជា ខណៈរឿងនេះក៏មិនមែនជាបញ្ហាលេងសើចនោះទេ ។
ការលើកឡើងរបស់សម្តេចអំពីអត្តសញ្ញាណជាតិនេះ ទាក់ទងទៅនឹងល្បែងប្រជាប្រិយ និងក្បាច់រាំប្រពៃណីខ្មែរ ក្នុងគ្រាជិតដល់រដូវបុណ្យចូលឆ្នាំខ្មែរ ដែលសម្តេចបំផុសឲ្យមានចលនា លេងល្បែងប្រជាប្រិយ និងការរាំវង់ រាំក្បាច់ជាដើម។
ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) នាថ្ងៃ១៦ មីនានេះ សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញនូវការណែនាំ ទាក់ទងនឹងបញ្ហាជិតចូលឆ្នាំនេះ សូមឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សធ្វើម៉េចផ្ចិតផ្ចង់លើបញ្ហារបាំ និងល្បែងប្រជាប្រិយមួយចំនួន ក្នុងនោះដូចជារាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ ល្បែងប្រជាប្រិយ ដូចជាបោះអង្គុញ ចោលឈូង ដណ្ដើមស្លឹកឈើ ទាញព្រ័ត្ត… អីចឹងទេ ។ ចំណុចនេះជាចំណុចដ៏ល្អ ដែលយើងត្រូវតែពង្រឹងនូវវប្បធម៌ ប្រពៃណីរបស់ខ្លួនឡើង នៅក្នុងដំណាក់កាលនៃសកលភាវូបនីយកម្ម អត្តសញ្ញាណជាតិងាយនឹងបាត់ណាស់ ប្រសិនបើយើងខ្ជីខ្ជាមិនមែនជាបញ្ហាលេងសើចនោះទេ» ។
សម្តេចតេជោបានរំលឹកថា កាលជំនាន់សម្តេចនៅពីក្មេង គឺលោកគ្រូ អ្នកគ្រូ បានបង្រៀនឲ្យសិស្សលេងល្បែងកម្សាន្ត និងល្បែងប្រជាប្រិយនានា ប៉ុន្តែសម័យនេះ គឺជាសម័យឌីស្កូ ធ្វើឲ្យយុវវ័យចូលចិត្តតែឌីស្កូ ដូច្នេះគួរតែជំរុញឲ្យមាន ការលេងល្បែងប្រជាប្រិយខ្មែរ នៅតាមសាលារៀននានា ជាពិសេសនៅក្នុងសាលាគួរតែ បង្ហាត់បង្ហាញនូវក្បួនខ្នាតលេងល្បែង និងរបាំប្រជាប្រិយដល់សិស្សាផងដែរ។
សម្តេចតេជោបន្ថែមថា អ្វីដែលសំខាន់ នៅពេលមានប្រជាពលរដ្ឋ ទៅលេងកម្សាន្ត តាមពិធីបុណ្យទានផ្សេងៗ ក៏ដូចជាទីអារាម គួរគប្បីមានការតម្រង់ទិសលើក្បួនខ្នាតរបាំ និងល្បែងប្រជាប្រិយព្រមទាំងការលេងរាំងវង់ រាំក្បាច់ សារ៉ាវ៉ាន់ជាដើម។ សម្តេចថា តាមស្ថានីយ វិទ្យុ ទូរទស្សន៍ ក៏អាចជាចំណែកមួយជួយផ្សព្វផ្សាយ ដើម្បីបង្ហាញឈុតឆាកលេងបោះឈូង បោះអង្គុញ ចោលឈូង និងរបាំប្រជាប្រិយខ្មែរផ្សេងៗទៀតផងដែរ ។
ជាមួយគ្នានោះដែរ សម្ដេចតេជោអំពាវនាវឲ្យមានការយកចិត្តទុកដាក់ ទៅលើបញ្ហាសុវត្ថិភាពចំណីអាហារ នៅតាមបណ្ដាហាងតូចធំ ជាពិសេសអ្នកលក់តាមដងផ្លូវ និងកន្លែងតូចតាច ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
សម្ដេចតេជោ ក៏បានណែនាំឲ្យក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ សហការគ្នាដាក់ជាតម្លៃលើមុខទំនិញ ដើម្បីងាយស្រួលដល់អតិថិជន កុំឲ្យពិបាកសួរនាំពីតម្លៃ ។ សម្ដេចថា បញ្ហារឿងដាក់តម្លៃលើទំនិញ គួរតែចាប់ផ្ដើមរៀបចំដាក់ ហើយការដាក់តម្លៃនេះ មិនមែនដាក់តែពេលចូលឆ្នាំទេ គឺដាក់រហូតតែម្ដង ។
សម្ដេចតេជោ ក៏បានវាយតម្លៃថា ឆ្នាំនេះភ្ញៀវទេសចរបរទេស មិនតិចជាង ៤,៥លាននាក់ទេ នឹងមកលេងកម្សាន្ត នៅកម្ពុជា ៕