ភ្នំពេញ៖ លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹងទំនាក់ទំនង ទ្វេភាគីជាមួយកម្ពុជា ។
ក្នុងឱកាសចូលជួប សម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី១៥ ខែមីនា លោកឯកអគ្គរដ្ឋទូត អូស្ត្រាលី បានបញ្ជាក់ជាថ្មីថា «អូស្ត្រាលីបន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនង ប្រទេសទាំងពីរ»។

ក្នុងជំនួបនោះភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកទូត ប្តេជ្ញាពង្រឹងទំនាក់ទំនង ទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។

លោកឧបនាយករដ្ឋមន្ត្រី និងលោកទូត បានពិភាក្សាអំពីអភិក្រមនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ។ ខណៈរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី អាគ្នេយ៍រហូត ដល់ឆ្នាំ២០៤០» លោកឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្ត ឲ្យមានការវិនិយោគ ប្រកបដោយគុណភាព មកកាន់កម្ពុជា៕
