បច្ចេកវិទ្យា

ចំណេះដឹងគួរស្វែងយល់! ដើម្បីបង្កើនការប្រុងប្រយ័ត្ន ជាមួយនឹងការស្នើសុំឲ្យផ្ញើ Screenshot របស់កម្មវិធី Telegram!

ភ្នំពេញ ៖ មួយរយៈពេលកន្លងមកនេះ មានជនខិលខូច បានធ្វើការលួងលោម បោកបញ្ឆោត ដើម្បីលួចយកលេខកូដសម្ងាត់ ពីជនរងគ្រោះ តាមរយៈឲ្យជនរងគ្រោះធ្វើការថតស្រ្គីនទូរសព្ទ (Screenshot) ខណៈជនខិលខូចព្យាយាម ចូលទៅក្នុងគណនី របស់ជនរងគ្រោះ ដែលពេលនោះ លេខកូដសម្ងាត់ (OTP) នឹងលោតលើស្រ្គីនទូរសព្ទ ស្របពេលធ្វើការថត ស្រ្គីនទូរសព្ទ ហើយបាញ់ផ្ញើទៅជនខិលខូច ដោយមិនដឹងខ្លួន។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ។

បន្ទាប់មកពួកគេនឹងចូល ទៅប្រើប្រាស់តេឡេក្រាម របស់ជនរងគ្រោះ និងធ្វើការប្ដូរលេខទូរសព្ទ ដើម្បីកាន់កាប់តេឡេក្រាមនោះទាំងស្រុងតែម្តង។ ក្រោយពីបានកាន់កាប់តេឡេក្រាមហើយ ជនអនាមិក បានចូលពិនិត្យ មើលរាល់សារទំនាក់ទំនងទាំងអស់ និងរកមើលសារណា ដែលសំខាន់ពាក់ព័ន្ធនឹង ការទូទាត់លុយកាក់ជាដើម ក៏បន្លំជាជនរងគ្រោះឆាតទៅមិត្តភក្តិ សាច់ញាតិរបស់ជនរងគ្រោះ ដើម្បីធ្វើការផ្ទេរប្រាក់ឲ្យខ្លួន។

បើនិយាយពីរឿង Hack Telegram តាមពិតទៅមិនមែនដូចគ្នាទៅនឹងពាក្យហៅថា Hack តាមបច្ចេកវិទ្យានោះទេ។

ករណីនេះគឺដោយសារជនដែលបានលួច យកគណនីគេនោះ មិនបានប្រើបច្ចេកវិទ្យា ទំនើបណាមួយដើម្បីធ្វើការ លួចយកតេឡេក្រាមរបស់យើងមកកាន់កាប់នោះទេ។
ចំពោះករណីបែបនេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែជាលើកដំបូង សម្រាប់កម្មវិធិតេឡេក្រាម ។ ហេតុដូច្នេះដើម្បីចៀសវាងក្នុង ការជួបបញ្ហាបែបនេះ អ្នកប្រើប្រាស់អនុវត្តតាមវិធីសាស្រ្ត ដើម្បីទប់ស្កាត់ដូចខាងក្រោម ៖ ទី១-ប្រសិនអ្នកគិតថា វាជាការងារសំខាន់ អ្នកគួរតែជ្រើសរើសយក Telegram Premium ដែលអ្នកត្រូវទូទាត់ប្រាក់សម្រាប់ប្រើប្រាស់ និងមានការទទួលស្គាល់ និងបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់តែម្តង ។
ទី២-អ្នកគួរប្រើ Two steps verification ដោយបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន បន្ថែមពីលើលេខកូដ សម្ងាត់(OTP) ដែលផ្ដល់ឲ្យពីខាងក្រុមហ៊ុន ។
ទី៣-សូមពិនិត្យឲ្យច្បាស់ នៅពេលដែលអ្នកមិនស្គាល់ ឬមិត្តភក្តិសាច់ញាតិ ឆាតទំនាក់ទំនងមកពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ឬសួរនាំព័ត៌មានផ្ទាល់ខ្លួន។

លោកអ្នកគួរតែទាក់ទងគ្នា តាមទូរសព្ទផ្ទាល់ ដើម្បីបញ្ជាក់អត្តសញ្ញាណ ព្រោះអ្នកមិនដឹងថា មិត្តភក្កិសាច់ញាតិណាខ្លះ ត្រូវបានគេលួច គណនីតេឡេក្រាម ទៅប្រើនោះទេ ៕

To Top