ព័ត៌មានជាតិ

ប.ស.ស.៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាបញ្ហាធំចម្បងរបស់យើងទាំងអស់គ្នា ដែលត្រូវដោះស្រាយរួមគ្នា

ស្វាយរៀង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត” កាលពីព្រឹកមិញនេះ លោកបណ្ឌិតហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត(ស.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាបញ្ហាធំចម្បងរបស់យើងទាំងអស់គ្នាដែលត្រូវដោះស្រាយរួមគ្នា តាមគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ និងអត្រាអ្នកស្លាប់ របួស និងពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកកម្រិតទាប។

លោកបណ្ឌិតអគ្គនាយករង បានបន្តថា៖ បញ្ហាធំចម្បងដែលធ្វើឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺកើតឡើងដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានប្រុងប្រយ័ត្ន មិនគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានសុវត្តិភាពនានា ដោយបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់មិនត្រឹមត្រូវ បើកបរក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត ងងុយ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជារៀងរាល់ថ្ងៃ។

លោកបណ្ឌិតអគ្គនាយករង បានអំពាវនាវដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិតផ្ទាល់ត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដទៃ និងរួមចំណែកកាត់បន្ថយហានិភ័យគ្រោះថ្នាក់។

លោកបណ្ឌិតអគ្គនាយករង ក៏បានជំរុញដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និយោជិតទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើង តាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺ៖ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍, គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប, បើកបរលើសល្បឿន ដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់, បើស្រវឹង សូមកុំបើកបរ, គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ, គោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ និងការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព។

លោកបណ្ឌិតអគ្គនាយករង បានសម្តែងនូវការអរគុណ ក៏ដូចជាធ្វើការកោតសរសើរ ចំពោះស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយជម្រុញឲ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ។

បើយោងតាមរបាយការណ៍ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត នៅក្នុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើបងប្អូនកម្មករនិយោជិតសរុបចំនួន ៥ ១៥៨ករណី ដែលមានជនរងគ្រោះសរុបចំនួន ៦ ០៥១នាក់ (ស្លាប់ ១៥៦នាក់ របួសធ្ងន់ ១ ៦២៤នាក់ និងរបួសស្រាល ៤ ២៧១នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិត មានចំនួន ១៣លើក និងមានជនរងគ្រោះសរុបចំនួន ៣៨០នាក់ (ស្លាប់ ១នាក់ របួសធ្ងន់ ៤៩នាក់ និងរបួសស្រាល ៣៣០នាក់) មានការកើនឡើង បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។ ដោយឡែកក្នុងឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងលើបងប្អូនកម្មករនិយោជិតសរុបចំនួន ៣៦៥ ករណី ដែលមានជនរងគ្រោះសរុបចំនួន ៤៣៥នាក់ ដែលក្នុងនោះស្រ្តីមានចំនួន ២០៤នាក់។

សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយច្បាប់ ចរាចរណ៍ខាងលើនេះ ប្រព្រឹត្តទៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ 

ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានវត្តមានចូលរួម ពីតំណាងស្ថាប័ន មន្ទីររោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីបងប្អូនអ្នកបើកបរ រថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ៣៥០នាក់៕

To Top