ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងអស់ បន្តចូលរួមអនុវត្តតាមបេសកកម្មមុខងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» នាថ្ងៃ២០ មីនា សម្តេចតេជោមានមោទកភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ អាចកសាងមូលដ្ឋានគ្រឹះ តាមដំណាក់កាលនីមួយៗ និងអាចឈានមកដល់ ដំណាក់កាលចុងក្រោយនេះ បានដោយជោគជ័យ។
សម្តេចតេជោបញ្ជាក់ថា «សូមផ្ដាំផ្ញើ និងជំរុញជាថ្មីម្តងទៀត ឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាព របស់ខ្លួនប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់ នៅក្នុងឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤»។
សម្តេចតេជោសង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្ត ប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឲ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈកម្ពុជា ឲ្យឆ្លើយតបទៅតាម ស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ៕