ព័ត៌មានជាតិ

គម្រោងសាងសង់ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចបានជាង៨០ភាគរយ

ភ្នំពេញ​ ៖ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឲ្យដឹងថា​ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចការសាងសង់បានជាង ៨០ភាគរយ គិតត្រឹមពាក់កណ្តាលខែមីនា​ ឆ្នាំ២០២៣។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និងគម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២ លានដុល្លារអាមេរិក។ដោយសារមានបញ្ហាការរាតត្បាតនៃជម្ងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យានាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងបន្ថែមថា
បើតាមការពន្យាពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០%។ ជាមួយនឹងការតភ្ជាប់ពីច្រកទ្វារព្រំដែននេះ មកកាន់តំបន់ផ្សេងៗ និងរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦ គីឡូម៉ែត្រ​ ក៏កំពុងដំណើរការស្ថាបនាស្ទើររួចរាល់ទាំងស្រុង។

ក្នុងឱកាសចុះបំពេញបេសកកម្មនោះ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ ដែលសម្លាប់មនុស្សប្រមាណ ៥នាក់ ក្នុងមួយថ្ងៃ នាំឱ្យខាតបង់ថវិកាជាតិ ដល់ទៅ ៥០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ នេះបើតាមការសិក្សារបស់ UNDP ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះ៕

To Top