ព័ត៌មានជាតិ

សន្តិសុខសណ្ដាប់ធ្នាប់ល្អ របស់រាជធានីភ្នំពេញ បានទាក់ទាញ វិនិយោគិនអង់គ្លេស

ភ្នំពេញ ៖ លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងរដ្ឋបាល រាជធានីភ្នំពេញបានល្អ និង ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនឹងការអភិវឌ្ឍន៍ រីកចំរើនយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗរីកដូចផ្សិត ។

ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ លោក ដូមីនីក វិលលៀមស៍ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងរដ្ឋបាលបានយ៉ាងល្អ ជាមួយនឹងការរក្សាបាន នូវសន្តិសុខសណ្ដាប់ធ្នាប់​ដែលកត្តាទាំងនេះ បានទាក់ទាញ អ្នកវិនិយោគទុន ​និង​ភ្ញៀវ​ទេសចរ​អង់គ្លេស​ឱ្យ​មករកស៊ីនិង ដើរលេងកំសាន្តនៅស្រុកខ្មែរ។

បន្ថែមពីនេះ លោក ដូមីនីក វិលលៀមស៍ ក៏បានកោតសរសើរផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ការ និងទប់ស្ងាត់ជំងឺ covid -19 បានយ៉ាងល្អប្រសើរ ជាមួយនិងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងនោះ បានធ្វើឲ្យប្រទេសកម្ពុជា មានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពទូទៅ របស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទន្ទឹមនិងការរីកចំរើននេះ លោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដោយសារតែកំណើនប្រជាពលរដ្ឋ ចេះតែកើនឡើង ។ រាជធានីភ្នំពេញ បានប្រឈមនឹងបញ្ហា២ នោះគឺបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាកកស្ទះសំរាម ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដើម្បីដោះស្រាយជាបន្តបន្ទាប់ ។

លោកបន្តថា ក្រោយធ្វើការកែសម្រួលវិស័យដឹកជញ្ជូនសំរាមនេះ ឃើញថា សំរាម​មានភាពល្អប្រសើរជាងមុន។

លោកជឿថា ក្នុងរយៈពេល ៤ទៅ ៥ឆ្នាំខាងមុខទៀត រាជធានីភ្នំពេញនឹងទុកដាក់សំរាម មានភាពល្អប្រសើរ មិនចាញ់បណ្ដាប្រទេស ជឿនលឿនមួយចំនួនឡើយ។

បន្ថែមពីនេះទៀតនោះ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្ដាលទីក្រុង ជាច្រើនរួចហើយ ដោយឡែកសម្រាប់ទីក្រុង នៃចក្រភពអង់គ្លេស រាជធានីភ្នំពេញ មិនទាន់មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាព ជាមួយនឹងគ្នានៅឡើយទេ។ ដូច្នេះលោកចង់ឱ្យរាជធានីភ្នំពេញ បានចងសម្ព័ន្ធរាត្រីភាពជាមួយនិងទីក្រុង នៃចក្រភពអង់គ្លេសដូចបណ្តាទីក្រុងផ្សេងៗទៀត ដែលភ្នំពេញ បានចងសម្ព័ន្ធភាព។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥៣ តែត្រូវផ្ដាច់វិញ នៅឆ្នាំ១៩៧៥ ដោយសាររបបខ្មែរក្រហម និងបានភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ១៩៩១៕

To Top