ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា លោក ហ៊ុន ម៉ាណែតមិនបានដឹងខ្លួនជាមុនថា នឹងឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍”(ផ្កាយ៤)នោះទេ ព្រោះពេលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង គឺលោក ហ៊ុន ម៉ាណែត នៅជាប់បេកសសកម្មនៅតាមបណ្តាខេត្ត។
សម្តេចតេជោ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាថ្ងៃ២២ មីនាមានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែតដែលបច្ចុប្បន្នមាន ងារជាឧត្ដមសេនីយ៍ឯកនោះ គឺខ្លួនមិនចង់ឡើងសក្តិនោះទេ ព្រោះមិនចង់ឲ្យមានការបកស្រាយ ឬរិះគន់ណាមួយមកលើលោក ប៉ុន្តែដោយសារសម្តេចផ្ទាល់ និងសម្តេច ទៀ បាញ់ទេ ជំនះទើបនាំគ្នាគាំទ្រ ។
មូលហេតុសម្តេចលើកពីលោក ហ៊ុន ម៉ាណែតមិនដឹងខ្លួនអំពីការតួនាទីនេះ ដោយសារមានក្រុមអ្នកវិភាគដែល សម្តេចចាត់ទុកជាបណ្ឌិតល្ងង់ទូនោះ បានចេញមកវិភាគជាហូរហែរមកលើលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកពីក្តីបារម្ភទុកជាមុនថា នៅពេលលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្រ្តី នៅពេលអនាគតហើយ នឹងទូលថ្វាយព្រះមហាក្សត្រឲ្យ មានការលើកលែងទោស ចំពោះអ្នកប្រព្រឹត្តខុសច្បាប់នៅក្រៅប្រទេស ប៉ុន្តែពេលនេះ សម្តេចបានឃើញហើយ គឺលោក ហ៊ុន ម៉ាណែតនឹងមិនចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ ឲ្យលើកលែងទោសដល់អ្នកទាំងនោះទេ ព្រោះអ្នកទាំងនោះចេញមក ពេលណាគឺវាយប្រហារខ្លួនរហូត ។
សម្តេចថា លោក ហ៊ុន ម៉ាណែតត្រូវបានឡើងជាផ្កាយ ៤តាំងពីប៉ុន្មានឆ្នាំមុន ប៉ុន្តែរូបគេមិនព្រមទទួល ទើបពេលនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យហើយ ចឹងទទួលមិនទទួលជារឿងរបស់គេ ។ សម្តេចថា អីចឹងលោក ហ៊ុន ម៉ាណែតមិនទន់ជ្រាយនោះទេ ដោយសារតែពួកអ្នកឯង ទើបលោក ហ៊ុន ម៉ាណែតរឹងមាំ ។
សម្តេចបានហៅថា “បណ្ឌិតខ្វះការចេះដឹង ខ្ញុំគោរពអស់លោក តែអស់លោកខ្វះការចេះដឹងពេកហើយ អស់លោករកតែចំណុចវ៉ៃខ្ញុំតែប៉ុន្នឹងហេស អស់លោកគិតថា ការវ៉ៃខ្ញុំប៉ុន្នឹងវាគ្រប់គ្រាន់សម្រាប់អស់លោក ផ្តួលគណបក្សប្រជាជន ហើយផ្តួលគោលដៅនៃការប្រែក្លាយហ៊ុន ម៉ាណែតទៅជាអនាគតនាយករដ្ឋមន្រ្តីមែនទេ?” ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា “អគ្គមេបញ្ជាការរងទាំងអស់ត្រូវឡើងផ្កាយ៤ទាំងអស់ ហ៊ុន ម៉ាណែតត្រូវឡើងផ្កាយ៤តាំងពីឆ្នាំ២០១៨ ក្រោយពេលឯកឧត្តមប៉ុលសារឿន មកជាទេសរដ្ឋមន្រ្តី ហើយមាស សុភា ក៏មកជាទេសរដ្ឋមន្រ្តី យើងដូរអគ្គមេបញ្ជាការផង ហើយ វង្ស ពិសេន ជើងគោកប្តូរដោយម៉ាណែត មេទ័ពជើងគោកគឺជាអគ្គមេបញ្ជាការរង ។ ម្នាក់នេះ(ហ៊ុន ម៉ាណែត) អត់ព្រមឡើងសក្តិទេ…(សូមតែមួយទេពុក ឲ្យខ្ញុំធើអីក៏ខ្ញុំធើដែរ តែសូមកុំឲ្យឡើងសក្តិខ្ញុំ) វាទៅជាចំឡែកអីចេះវិញ”។
សម្តេចក៏បានស្នើឲ្យបណ្ឌិតទាំងនោះ ត្រូវយល់ពីឋានានុក្រមរបស់កងទ័ព។ សម្តេចថា អគ្គបញ្ជាការរងទាំងអស់ត្រូវនាពេលបច្ចុប្បន្នបានបំពាក់ផ្កាយ៤ទាំងអស់ លើកលែងតែ ហ៊ុន ម៉ាណែត អត់បានពាក់ផ្កាយ៤ គឺត្រឹមផ្កាយ៣។
សម្តេចតេជោថា “ចឹង ទៀ បាញ់ម្តងហើយម្តងទៀត បានលើកសំណើថា ធ្វើម៉េចឲ្យម៉ាណែត ពាក់ផ្កាយ៤ ខ្ញុំថា អត់ទេបាញ់ វាមិនព្រមទទួល ចុងក្រោយនេះ ម៉ាណែតអត់ដឹងខ្លួនអីទាំងអស់ គេចេញសារជូនពរលាន់ ព្រោះចុងក្រោយខ្ញុំ២នាក់ទៀបាញ់ យល់ព្រមឲ្យធ្វើទៅ មើលទៅចាំសួរអាមួយហ្នឹងវាមិនព្រមធ្វើទេ មិនព្រមយកទេ ។
សម្តេចតេជោបន្ថែមថា ពួកអ្នកវិភាគថា លោក ហ៊ុន ម៉ាណែត ពាក់ផ្កាយ៤នេះ ក្នុងដំណើរឆ្ពោះឈាន ទៅធ្វើជានាយករដ្ឋមន្រ្តីពេលអនាគត ។ សម្តេចថា ទោះមិនបំពាក់ផ្កាយ៤ ក៏ដំណើរទៅធ្វើនាយករដ្ឋមន្រ្តីដដែលទេ ពួកអ្នកឯងមិនអាចរារាំងបានទេ ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃ១៧មីនា ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ ដំឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍” ។
ជាមួយគ្នានេះដែរ សម្តេចក៏បានលើកពីលោក ហ៊ុន ម៉ានិតកូនប្រុសទី២ ដែលមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ៕