ព័ត៌មានជាតិ

សម្តេចតេជោ ៖ លោក ម៉ៅ សុផាន់ នឹងឡើងជាមេបញ្ជាការកងទ័ពជើងគោក ពេលលោក ហ៊ុន ម៉ាណែត ចេញធ្វើនយោបាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសទុកជាមុនដើម្បីកុំឲ្យក្រុមអ្នកវិភាគ វិភាគខុសនៅពេលលោក ហ៊ុន ម៉ាណែត ឡើងមកធ្វើជានាយករដ្ឋមន្រ្តីនាពេលអនាគតអ្នកដែលត្រូវនឹងឡើងមកកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកជំនួសនោះ គឺលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បច្ចុប្បន្នជាមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ។

ដោយសម្តេចថា មិនមែនជាលោក ហ៊ុន ម៉ានិតដែលត្រូវឡើងមកជំនួសលោក ហ៊ុន ម៉ាណែតទេ ក្រោយលោកហ៊ុន ម៉ានិត កាន់តួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន កាលពីប៉ុន្មានថ្ងៃមុន ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាថ្ងៃ២២ មីនា សម្តេចតេជោបានសង្កត់ធ្ងន់ថា “ខ្ញុំបញ្ជាក់ទុកឲ្យហើយ ក្នុងករណី ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលឡើងកាន់ជើងគោក គឺអនុជើងគោកបច្ចុប្បន្ន និងជាបញ្ជាការកងពល៧០ម៉ៅ សុផាន់ មិនមែនហ៊ុន ម៉ានិតទេ ។ សូមបញ្ជាក់ទុកជូនឲ្យហើយ កុំឲ្យប៉ាន់ស្មានតែផ្តេសផ្តាស ហើយត្រូវជឿជាក់នៅក្នុងកងទ័ព ។ ខ្ញុំមានសិទ្ធិនឹងចាត់ចែងបែបនេះ ដោយពិភាក្សាជាមួយអគ្គមេបញ្ជាការ និងរដ្ឋមន្រ្តីការពារជាតិ ។ នេះជាការរៀបចំ ហើយថ្ងៃក្រោយអ្នកទាំងនុង…ផាន់(លោក ម៉ៅ សុផាន់) ខ្ទង់៦០ប្លាយ” ។

បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានអាយុ៦៨ឆ្នាំ៕

To Top