ព័ត៌មានជាតិ

កម្ពុជា-កុំមិនវែលដូមីនីក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ

ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងលោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា-កុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់ អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ។

ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក អ៊ុច បូររិទ្ធ និងលោកបណ្ឌិត វីន ហេនដឺសាន់ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ក្នុងអំឡុងពេលលោកមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ថ្ងៃ២២-២៤ មីនា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកបណ្ឌិត វីន ហេនដឺសាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោករដ្ឋមន្រ្តីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយលោក អ៊ុច បូររិទ្ធ ដែលក្នុងឱកាសនោះ វិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ ក្នុងសេចក្តីប្រកាសបញ្ជាក់ថា «បន្ទាប់ពីជំនួប ភាគីទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់ អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ» ។

ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ លោកបណ្ឌិត វីន ហេនដឺសាន់ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកុំមិនវែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ ៕

To Top