ភ្នំពេញ ៖ នៅម៉ោងប្រមាណជា២និង៣០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ជូនបុគ្គលទាំង២រូបគឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាមុននេះបន្តិចថា ទាក់ទងទៅនឹងករណីលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោយបញ្ចេញសារលើហ្វេសប៊ុកផ្ទាល់ហាក់ប្រមាថមាក់ងាយ ទៅដល់អង្គព្រះមហាក្សត្រ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាល្ងាចថ្ងៃ២១ មីនា នៅរសៀលនេះ បានបញ្ជូនពួកគេ ទៅតុលាការហើយ ដើម្បីរង់ចាំនីតិវិធីកាត់ទោសតាមផ្លូវច្បាប់។
បើតាមលោក សាន សុខសីហាដដែល គឺបុរសទាំង២នេះ ជាប់ទាក់ទងទៅនឹងបទល្មើសចំនួន២ករណី គឺទី១-បទញុះញង់ និងទី២-ការប្រមាថទៅលើព្រះចេស្តារ ព្រះមហាក្សត្រ។
លោកបញ្ជាក់ថា “បុរសទាំង២នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកាលពីល្ងាចម្សិលមិញ នៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យគឺសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនបុរសទាំង២នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់បន្ត” ។
សម្រាប់ករណីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សង្ឃឹមថា តុលាការ និងសមត្ថកិច្ច នឹងចេះធ្វើការ។ លោក យឹម ស៊ីណន់ និងលោក ហ៊ុន កុសល ជាមនុស្សស្និតនឹងលោកកឹម សុខា បានលើកឡើងក្នុងន័យស្រដៀងគ្នា អំពីការប្រមាថទៅព្រះមហាក្សត្រ ចំពោះការបាំងឆត្រ (ក្លុ) លើអង្គព្រះមហាក្សត្រក្នុងព្រះរាជពិធីប្រោសប្រទានព្រះអគ្គិជ័យកីឡា នាថ្ងៃ២១ មីនា ក្នុងប្រាសាទអង្គរវត្ត ដែលមានសម្តេចតេជោ នៅអមព្រះរាជដំណើរ ។
លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «បើតាមសំឡេងពលរដ្ឋតាមហាង កាហ្វេគឺថ្ងៃនេះយើងអាច ឃើញច្បាស់ថា នរណា ជាស្តេចផែនដីពិតប្រាកដ»។
ចំណែកលោក ហ៊ុន កុសលវិញបង្ហោះដែរថា «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រ ខ្មែរគ្រប់ច្រកបែបនេះ ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញា នឹងបើសមត្ថភាព ដែលមានទាំងប៉ុន្មាន ចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលប្រជារាស្ត្រខ្មែរ មិនអាចខ្វះបាន» ៕