ព័ត៌មានជាតិ

ក្រសួងអប់រំ អនុញ្ញាតឲ្យសាលារដ្ឋ និងឯកជន ឈប់សម្រាក ពេលប្រកួតស៊ីហ្គេម

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសាលារដ្ឋ និងឯកជនទាំងអស់ឈប់សម្រាក ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍នេះ ។

តាមរយៈលិខិតនៅថ្ងៃទី២២ មីនា ក្រសួងអប់រំ បានឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍នេះគឺថា ៖
១.គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូចគ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣។

២.គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជនទាំងអស់ ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣។

៣.គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ៕

To Top