ភ្នំពេញ ៖ ដោយមានការអនុញ្ញាត ពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំមហោស្រពចម្រៀងប្រពៃណីជនជាតិដើមភាគតិចសួយ លើកទី១ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅបណ្ណាល័យកំពង់ស្ពឺ ។

លោកស្រី ឡុង បូណារេត អភិបាលរងកំពង់ស្ពឺ បានលើកឡើងពីគោលបំណង នៃការរៀបចំមហោស្រព ដោយជំរុញឲ្យប្រជាជន មហាជន ជាពិសេសយុវជន ដែលជាសសរស្ដម្ភរបស់ប្រទេសជាតិ និងជាអ្នកបន្តវេន បង្កើនការស្រឡាញ់ បំផុសស្មារតី ចូលរួមក្នុងការផ្ទេរ និងការទទួលយកចំណេះ ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ នៅកម្ពុជាបានស្ថិតស្ថេរ គង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ ។

ម្យ៉ាងទៀត ដើម្បីលើកកម្ពស់ ការយល់ដឹង ឲ្យកាន់តែច្បាស់អំពីតម្លៃ នៃវប្បធម៌ជនជាតិដើម ភាគតិចសួយ និងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍កាន់តែ សកម្មថែមទៀត ។ បង្កើនការចូលរួមក្នុងការបណ្តុះការអប់រំ ការសិក្សាស្រាវជ្រាវ ឈ្វេងយល់អំពីចំណេះដឹង សិល្បៈវប្បធម៌របស់ជនជាតិដើមភាគតិចសួយ ដើម្បីឲ្យយុវជន បានយល់ពីឧត្តមប្រយោជន៍ ដ៏មានសារៈសំខាន់ក្នុងការផ្ទេរ និងទទួលយកចំណេះជំនាញ និងចងក្រងរក្សាទុកឲ្យបានគង់វង្សល្អ នូវរាល់ឯកសារដែលមាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយកាន់តែទូលំទូលាយ។

លោកស្រីថា ក៏ដើម្បីជំរុញឲ្យមានការចូលរួមរបស់យុវជន ដែលជាជនជាតិដើមភាគតិចសួយ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់ នូវនិន្នាការនយោបាយ។

លោកស្រីក៏បានសំណូមពរដល់មន្ទីរ ធ្វើយ៉ាងណាខិតខំបន្តរៀបចំមហោស្រពនេះបានជាប្រចាំ ព្រមទាំងស្នើទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឲ្យមានការរៀបចំមហោស្រពសិល្បៈជនជាតិដើមភាគតិចទូទាំងប្រទេស។

បញ្ជាក់ជូនថា មហោស្រពនេះ មានការចូលរួមពីក្រុមសិល្បៈជនជាតិដើមភាគតិចសួយចំនួន៦ក្រុមសរុប៧២រូប មកពីឃុំត្រពាំងជោ និងឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ដោយក្រុមនីមួយៗ ទទួលបាននូវប័ណ្ណសរសើរ បាច់ផ្កានិងអមដោយថវិកាមួយចំនួន៕



