ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាផ្សព្វផ្សាយ ព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល» នៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអនុប្រធាន -សមាជិក-សមាជិការរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើទិសដៅការងារ ឆ្នាំ២០២៣ របស់សមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបើកវគ្គបណ្ដុះ បណ្ដាលស្ដីពី «របៀបសរសេរព័ត៌មាន រាយការណ៍ព័ត៌មាន និងរបៀបបង្កើតព័ត៌មានខ្លួនឯង», បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «របៀបអត្ថាធិប្បាយព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបនិយាយជាសាធារណៈ» ហើយវគ្គបណ្ដុះបណ្ដាល ទាំងពីរនេះ រៀបចំនៅសាកលវិទ្យាល័យ ធនធានមនុស្ស សរុបការចំណាយអស់ថវិកាចំនួន ១០ ១០០ ០០០រៀល។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា (IPA) ជាសមាគមក្រៅរដ្ឋាភិបាល បង្កើតឡើងដោយ ក្រុមយុវ ជនជាបញ្ញវន្ដខ្មែរ និងក្រុមអ្នកមានអាជីព បទពិសោធន៍លើវិស័យសារព័ត៌មាន ជាច្រើនឆ្នាំ ជាពិសេសជាក្រុម យុវជនដែលស្រលាញ់ការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ វិស័យព័ត៌មាន និងការងារ អភិវឌ្ឍធនធានមនុស្ស។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណងចងក្រងអង្គភាពសារសារព័ត៌មាន និងកៀរគរអ្នក សារព័ត៌មាន សិស្ស និស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹង គុណភាពនៃការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្ត ច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្សព្វផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ក្រោមដំបូលនៃសន្តិភាពតែមួយ៕