ព័ត៌មានជាតិ

លោក សន្តិបណ្ឌិត ចាន់ អ៊ាន ៖ ការអភិវឌ្ឍក្នុងសាលានគរបាល ភូមិភាគ២ សំដៅលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈកម្លាំងនគរបាល

កំពង់ចាម ៖ លោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសិក្សា ក្នុងសាលានគរបាលភូមិភាគ២ គឺសំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងកងនគរបាល ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ។

លោករដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ខណៈអញ្ជើញ ត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងជួបសំណេះសំណាល សួរសុខទុក្ខសិស្សនគរបាល ជំនាន់ទី ១៧ នៅសាលានគរបាលភូមិភាគ ២ ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានិងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើការងារសំខាន់ៗ ជាពិសេសការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាងវប្បធម៌គុណភាព សំដៅលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ឱ្យឆ្លើយតប ទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោល នយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា។

លោកសន្តិបណ្ឌិតបានយកឱកាសនោះ ថ្លែងកោតសរសើរនិងអរគុណគណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ ២ និងគ្រូនគរបាល ដែលខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវនិងការបង្ហាត់បង្រៀនបានល្អ ព្រមទាំងកោតសរសើរ សិស្សនគរបាលទាំងអស់ដែលបានប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យបានល្អផងដឺរ ដើម្បីក្លាយជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិសមស្របក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋ។

លោកសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានផ្តាំផ្ញើនិងផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភា ត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួន ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនិងប្រកាន់ខ្ជាប់«វប្បធម៌គុណ» សិស្សនគរបាលគ្រប់រូប ត្រូវបន្តយកចិត្តទុក ដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្តែង គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ» ជាពិសេសត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និងត្រូវមានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ពេលចេញទៅបំពេញភារកិច្ចនៅតាមអង្គភាពសាមីវិញក្រោយពេលបញ្ចប់ការសិក្សា៕

To Top