ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសហាមឃាត់មិនឱ្យអ្នកណាមួយលូកដៃ ចូលការងារវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម (កាឌី) ដើម្បីយកដីទៅអភិវឌ្ឍឡើយ គឺមិនអនុញ្ញាតឲ្យមានការដោះដូរជាដាច់ខាត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធនឹង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការដោះដូរជាដាច់ខាត។
សម្តេចតេជោ បញ្ជាក់ថា «រឿង កាឌី នេះ សូមកុំអ្នកណាមកលូកដៃ ខ្ញុំ សូមបញ្ជាក់សាធារណៈ កន្លងទៅមានប្រហែល ២០ក្រុមហ៊ុន បានលើកសំណើរទៅ ដើម្បីស្នើសុំ កាឌី យកទៅអភិវឌ្ឍ ហើយគេសុំប្រគល់ដី កន្លែងនេះ កន្លែងនោះ ខ្ញុំបាន ចង្អុលថា ចាំដល់ថ្ងៃខ្ញុំស្លាប់សិន ហើយនៅពេលខ្ញុំស្លាប់ទៅហើយបើអ្នកណាយកដី កាឌី យកទៅឲ្យឯកជនឲ្យអ្នក នេះឬឲ្យនោះខ្ញុំនឹងតាមដាក់បណ្ដាសសា»។
សម្ដេចតេជោ បន្ដថា កាឌី នេះ គឺជាកូនបង្កើតរបស់សម្តេច ដែលសម្តេច បានទៅធ្វើសហប្រតិបត្តិការជាមួយនឹងអូស្ត្រាលីយូរមកហើយ ។ សម្តេច ក៏បានផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តជាមួយនឹងការលើកសំណើយកដី កាឌី វាជាមរតកដ៏មានតម្លៃដែលបង្កើតបាននៅពូជស្រូវល្អៗសម្រាប់កសិកររបស់កម្ពុជា។
ឆ្លៀតឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យជំរុញបន្ថែមការផលិតស្រូវពូជសុទ្ធ ផ្ការំដួលឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ សម្រាប់ការងារនេះ សម្តេច បានផ្ដល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿង ដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្មដែលផលិតស្រូវពូជ៕