ព័ត៌មានជាតិ

ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខ នឹងបង្កើតឲ្យមានសន្ទុះថ្មី ដល់ទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំលើគ្រប់វិស័យ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃកម្ពុជា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវ​ការ​នៅ ព្រះរាជាណា​ចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ មីនា បានឲ្យដឹងថា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹង​ចូល​​ក្រាប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នៅក្នុង ព្រះបរមរាជវាំង។ នាយករដ្ឋ​មន្រ្តីម៉ាឡេស៊ី ក៏នឹងមានជំនួបសម្តែងការគួរសម ដាច់ដោយ​ឡែកជាមួយ​​សម្តេចវិបុល​សេនា​​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​នៃព្រះរាជាណាចក្រកម្ពុជា។

ប្រមុខរដ្ឋាភិបាលទាំងពីរ នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និង​វិធីសាស្រ្តថ្មីៗ សំដៅធ្វើឱ្យ​កាន់តែស៊ី​ជម្រៅ​​​បន្ថែមទៀតនូវទំនាក់​ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្រ្តី​ទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុ​តំបន់ តំបន់ និង​អន្តរជាតិ​​ដែលជា​ផល​ប្រយោជន៍ និង​ក្តីបារម្ភ​រួម។ បន្ទាប់ពីជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ​ក្នុងពិធីចុះ​ហត្ថលេខា​លើគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មាន រួមគ្នា។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេច​​តេជោនាយករដ្ឋមន្រ្តី ក្នុងពិធីលៀង​សាយ​ភោជន៍​ស្រាយបួស ​របស់សាសនិកអ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត​ អាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ​ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់​ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និង​វិបុលភាព ​​​​របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ ៕

To Top