ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិត សូមចូលរួមអបអរសាទរនិស្សិតជ័យលាភីទាំង ២.៨៩៥ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សា និង ទទួលបានសញ្ញាបត្រដោយជោគជ័យ ។ ជំនាញ និង សញ្ញាបត្រជាមូលដ្ឋាននៃធនធាន ចំណេះដឹងដែលនិស្សិតយើងទទួលបាននេះ គឺជាសមិទ្ធផលដែលកើត ចេញពីកម្លាំងសាមគ្គីភាព រវាងនិស្សិតផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ, រួមជាមួយមាតាបិតា និងអាណាព្យាបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការផ្គត់ផ្គង់ទំនុកបម្រុង ព្រមទាំងថ្នាក់ដឹកនាំក្រសួង, វិទ្យាស្ថាន, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់ ដែលបានជួយតម្រង់ទិស, គាំទ្រ, បង្ហាត់បង្រៀន និង ចែករំលែកនូវចំណេះដឹង, បទពិសោធន៍ និង ជំនាញល្អៗដល់និស្សិតជ័យលាភី។ ជាមួយគ្នានេះ, ក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការជួយជ្រោមជ្រែង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ការពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ធនធានមនុស្សកម្ពុជាឱ្យកាន់តែប្រសើរទ្បើងថែមទៀត។

លោក ម៉ាណែត ក៏សូមចូលរួមអបអរសាទរចំពោះការ សម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់», ដែលជាអគារប្រកបដោយផាសុកភាព, បំពាក់ដោយបរិក្ខារសិក្សាទំនើបទាន់សម័យ និង ស្របតាមស្ដង់ដារ សម្រាប់ជាជំនួយដ៏សំខាន់ដល់ការសិក្សា និង អនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានបានត្រៀមខ្លួនរួចស្រេច ដើម្បីក្លាយជាគ្រឹះស្ថានដ៏ឈានមុខមួយ ព្រមទាំងជួយជំរុញឱ្យវិស័យអប់រំ និង បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ របស់កម្ពុជា កាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ទៀតផង។

លោក រំលេចផងដែរថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម, ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និង ការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ យើងទាមទារចាំបាច់នូវការ ធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះ វិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជា ដែលប្រកបដោយសមត្ថភាព, ចំណេះដឹង និងក្រមសីសធម៌ខ្ពស់ ។ ក្នុងន័យនេះ, ការធ្វើទំនើបនីយកម្មលើវិស័យអប់រំ និង បណ្តុះបណ្តាល ទាំងលើជំនាញរឹង និងជំនាញទន់ ត្រូវបោះជំហានពី សាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង ឧបករណ៍ សម្ភារនានា ។ លើសពីនេះ, ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និង អភិវឌ្ឍ ដើម្បីធានានូវទំនើបនីយកម្ម និង ភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។

លោកបន្ថែមថា ជាទស្សនផ្ទាល់ខ្លួន, ចំពោះវិស័យការងារ និង ជំនាញវិជ្ជាជីវៈ គឺថារដ្ឋាភិបាលមានភារកិច្ចក្នុងការ ពង្រីកឱកាសការងារឱ្យបានច្រើន លើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តល់ជូនពលរដ្ឋគ្រប់រូបនូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និង មុខវិជ្ជារៀនសូត្រទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកបរបរតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ រីឯប្រជាពលរដ្ឋវិញ មានសិទ្ធិជ្រើសរើសនូវមុខវិជ្ជា និងជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រ ដោយពុំបារម្ភអំពីទីផ្សារការងារ ឬ អាចប្តូរជំនាញ ឱ្យស្របតាមតម្រូវការនៃទីផ្សារការងារដែលមានស្រាប់ ឬ ខិតខំបង្កើតឱកាសទីផ្សារថ្មីសម្រាប់ជំនាញ និង ផលិតផលដែលគាត់បង្កើតបាន។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងបន្តបើកចំហសិទ្ធិក្នុងការ ប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមជាមួយគ្នាធ្វើការប្រឹងប្រែងយកអស់ គ្រប់លទ្ធភាពក្នុងការបង្កើតឱកាសការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ៕












