ព័ត៌មានជាតិ

ប.ស.ស. សម្រេចដាក់សាកល្បង របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក​ អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​​​ ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្ត គម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា ប.ស.ស. កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយអង្គការហ្គ្រេត (GRET) ក្រោមការឧបត្ថម្ភគាំទ្រ ដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានសម្រេចដាក់ឱ្យអនុវត្ត គម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលគម្រោងសាកល្បងនេះ ធ្វើឡើងជំហានដំបូង សម្រាប់តែបុគ្គលស្វ័យនិយោជន៍ (អ្នកបើកបរត្រីចក្រយានយន្ត) ដែលស្ថិតក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញតែប៉ុណ្ណោះ។

លោក​អគ្គនាយក ប.ស.ស. បានបន្តទៀតថា ការដាក់ឱ្យអនុវត្តគម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ នាពេលនេះ នឹងក្លាយជាយន្តការសិក្សា សម្រាប់ការពង្រីក នៃការគ្របដណ្តប់ របបសន្តិសុខសង្គម សម្រាប់គ្រប់បុគ្គលស្វ័យនិយោជន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ហើយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ គាំពារសង្គមកម្ពុជាផងដែរ។

លោក​អគ្គនាយក ប.ស.ស. បានឱ្យដឹងទៀតថា កន្លងមក បេឡាជាតិសន្តិសុខសង្គម និងអង្គការហ្គ្រេត ក្រោមការឧបត្ថម្ភគាំទ្រ ដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានសហការអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា គម្រោង SPIN ដែលគម្រោងមួយនេះ ទទួលបានសមិទ្ធផលការងារ ជាច្រើនដូចជា (១). ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (២). ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ (៣). ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន នៃ ប.ស.ស. និង (៤). យុទ្ធសាស្ត្រ នៃការផ្សព្វផ្សាយ។

លោក​អគ្គនាយក បានសម្តែងនូវការអរគុណ ចំពោះដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ ពិសេសអង្គការហ្គ្រេត (GRET) និងទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) រួមទាំងអង្គការ និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់កិច្ចសហការ ជាមួយ ប.ស.ស. ក្នុងការជួយគាំទ្រ ដល់ការអភិវឌ្ឍផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស រួមទាំងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីឱ្យ ប.ស.ស. អាចពង្រីកវិសាលភាពរបស់ខ្លួន កាន់តែពេញលេញគ្របដណ្តប់ លើការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយភាពជោគជ័យ រហូតមមកដល់ពេលនេះ។

ឯកឧត្តមអគ្គនាយក បានស្នើដល់បងប្អូន ជាអ្នកបើកបរត្រីចក្រយានយន្ត និងសមាជិក ប.ស.ស. ទាំងអស់ សូមលើកឡើងឱ្យចំៗ ចំពោះបញ្ហាប្រឈមនានា នៅពេលទៅប្រើប្រាស់សេវា ប.ស.ស. និងអាចទាក់ទងមក ប.ស.ស. តាមរយៈមន្រ្តី-បុគ្គលិក ប.ស.ស. ដោយផ្ទាល់ ឬតាមលេខទំនាក់ទំនង ១២៨៦ (អាចខលចូលដោយឥតគិតថ្លៃ គ្រប់ប្រព័ន្ធពេញ ២៤ម៉ោង) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គមរបស់ ប.ស.ស. ដើម្បីអាចឱ្យ ប.ស.ស. ងាយស្រួលដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក Emmanuel Dollfus នាយករងទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ ក្នុងឱកាសជាមួយគ្នានេះ លោកបានលើកឡើងថា ការដាក់ឱ្យអនុវត្តគម្រោងសាកល្បង នាពេលនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ ប.ស.ស. ដែលអាចពង្រីកបន្ថែមលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ហើយគម្រោងសាកល្បងនេះ គឺប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការចុះឈ្មោះចូលក្នុងប្រព័ន្ធ ប.ស.ស.។

លោក Emmanuel Dollfus បានបន្តថា៖ ក្នុងនាមលោកតំណាងឱ្យទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. កម្ពុជា និងបានធ្វើការងាររួមគ្នា លើគម្រោងជាច្រើន ហើយការសម្រេចដាក់ឱ្យអនុវត្ត គម្រោងសាកល្បងនេះ អាចជាគំរូសម្រាប់ការអនុវត្ត ទៅលើក្រុមគោលដៅផ្សេងៗទៀត ក្នុងការទទួលបានការគាំពារ ផ្នែកថែទាំសុខភាព នាពេលខាងមុខផងដែរ។

នាយករងអង្គការហ្គ្រេត (GRET) លោក Damien Thibault ក្នុងឱកាសជាមួយគ្នានេះ លោកបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប.ស.ស. កម្ពុជា ដែលបានអនុវត្តយ៉ាងជោគជ័យ លើវិស័យសន្តិសុខសង្គម ដោយទទួលបានការសាទរ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងអង្គការជាតិ និងអន្តរជាតិ និងបណ្តាប្រទេស ក្នុងតំបន់អាស៊ានផងដែរ។

សូមបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត គម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ប្រព្រឹត្តិទៅពេញមួយព្រឹក នៅសាលប្រជុំសន្តិភាព ទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីតំណាងអង្គការជាតិ-អន្តរជាតិ, តំណាងសមាគមនានា និងបងប្អូនអ្នកបើកបរ ត្រីចក្រយានយន្ត រួមទាំងបងប្អូនអ្នកបម្រើ ក្នុងផ្ទះសរុបប្រមាណជាង ៣០០នាក់៕

To Top