ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា កម្ពុជា ចាត់ទុកការរីកចម្រើនរបស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់ សហគមន៍អាស៊ាន។
នាឱកាសអញ្ជើញទទួលជួបលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim ) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្តេច ប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ច ដ៏ស្ញប់ស្ញែងរបស់ប្រជាជន និងប្រទេសម៉ាឡេស៊ី។សម្តេច មានជំនឿថា «ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំម៉ាឡេស៊ី ម៉ាឡេស៊ី នឹងបន្តសម្រេចបានជោគជ័យក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជា ចាត់ទុកការរីកចម្រើនរបស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់សហគមន៍អាស៊ាន»។
សម្តេច ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះការរីកចម្រើនជាបន្តបន្ទាប់រវាង ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ រ៉ែនិងថាមពល អប់រំ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់រវាងឥស្សរជនគ្រប់លំដាប់ថ្នាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។
សម្តេច ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយចំពោះទំហំវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនល្អប្រសើរជាបន្តបន្ទាប់។
សម្ដេច ក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរពិនិត្យសក្តានុពលឱ្យអស់លទ្ធភាពក្នុងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ និងដើម្បីទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។
សម្តេច ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពខាងជំនឿសាសនា។ នាពេលបច្ចុប្បន្ននេះ ឥស្លាមសាសនាជាសាសនាធំទី២ នៅកម្ពុជា។ មានសាសនិកឥស្លាមជាច្រើនរូប ត្រូវបានផ្តល់តួនាទីនៅក្នុងជួររាជរដ្ឋាភិបាល ជាតំណាងរាស្ត្រ និងជាសមាជិកព្រឹទ្ធសភា។ នៅកម្ពុជាពុំមានទំនាស់សាសនាទេ មានសុខដុមនីយកម្មផ្នែកសាសនា ហើយត្រូវបានផ្តល់សិទិ្ធ និងឱកាសស្មើៗគ្នាក្នុងសង្គម។
នាឱកាសនោះ លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅម្ពុជា នាពេលនេះ គឺដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងផ្លាស់ប្តូរបទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំង ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះបទពិសោធន៍ដ៏ល្អរបស់កម្ពុជា ចំពោះការបើកទូលាយលើជំនឿសាសនានៅកម្ពុជា៕