ភ្នំពេញ ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់ លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ និងសម្រេចបានលទ្ធផលល្អផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
ក្នុងឱកាសអញ្ជើញទទួលជួបសវនាការជាមួយ លោក អ៊ូអិណុ អាត់ស៊ូស៊ី នាថ្ងៃ២៧ មីនា លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ មក គ.ជ.ប កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ចំនួន១៦លើករួចមកហើយ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់ខាងមុខ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតចំនួន២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកចំនួន៥ដែលទើបបំបែក និងបង្កើតថ្មី នៅក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ និងការបោះឆ្នោតមួយទៀត ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប រួចមក លោក អ៊ូអិណុ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា «សូមវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជាដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ ភាគីជប៉ុនសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ»។
លោកទូតបន្តទៀតថា លោកនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការ បោះឆ្នោត ជាពិសេសទៅទៀតកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុក ផងដែរ។
នាឱកាសនោះដែរ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានសំណូមពរដល់ភាគីជប៉ុន ជួយជំរុញភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឲ្យបានត្រឹមត្រូវ ពីព្រោះគណបក្សនយោបាយខ្លះតែងតែប្ដឹងដោយពុំមានភស្តុតាង ត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្ដឹង៕