ព័ត៌មានជាតិ

ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាម១០គ្រឿង សម្រាប់គ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន

ភ្នំពេញ ៖ ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន១០គ្រឿង ដល់ក្រសួងបរិស្ថាន ដើម្បីចែកជូនរដ្ឋបាលថ្នាក់​ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹងតាមទីប្រជុំជន។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង​ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone) នៅទីស្តីការក្រសួងបរិស្ថាន។

តាមរយៈគម្រោងនេះ ភាគីជប៉ុន នឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូចចំនួន១០គ្រឿងដល់ក្រសួងបរិស្ថាន ដើម្បីចែកជូន​រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ ការចូលរួមរបស់ប្រទេសជប៉ុនលើវិស័យបរិស្ថាន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងសំរាម សំណល់រឹង ។ នេះឆ្លុះបញ្ចាំងពីភាពជាដៃគូក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឲ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នានា៕

To Top