ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន ជំហរកម្ពុជា មានគោលការណ៍គ្រឹះ គឺប្រឆាំងរាល់ការអន្ដរាគមន៍កិច្ចការផ្ទៃក្នុង ឯករាជ្យ និងអធិបតេយ្យភាព នៃប្រទេសដទៃ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងបែបនេះបន្ទាប់ពី លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Mr. PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារំាងថ្មី ប្រចាំនៅកម្ពុជា បានចោទសួរអំពី «ជំហរកម្ពុជាអំពីសង្រ្គាម រុស្ស៊ី និងអ៊ុយក្រែន»។
នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឆ្លើយតបថា «កម្ពុជាមានគោលការណ៍គ្រឹះ គឺប្រឆាំងការអន្ដរាគមន៍ កិច្ចការផ្ទៃក្នុង ឯករាជ្យ និងអធិបតេយ្យភាព នៃប្រទេសដទៃ ដូច្នេះបានជាកម្ពុជា មិនអាចគាំទ្ររុស្ស៊ីបាន តែបានបញ្ជូនក្រុមដោះ មីនទៅជួយអ៊ុយក្រែន»។
ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះប្រទេសបារំាង ជាប្រទេសទី១ នៅអឺរ៉ុប បានទិញអង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានដំណើរការយ៉ាងសកម្មជិត៦០០លានលានដុល្លារ ក្នុងឆ្នាំ ២០២២។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើបារាំងទិញកសិផលកម្ពុជាច្រើនថែមទៀត ព្រមទាំងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។
សូមរំលឹកថា ក្នុងវទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់ អាស៊ានដែល មានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចង់ឃើញតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ច នូវយន្តការពហុភាគីនិយម ដែលមានការចូល រួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក៕