ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលជួបពិភាក្សាការងារ ជាមួយ លោក SHU QIMING និងគណៈប្រតិភូជាន់ខ្ពស់ នៃគណបក្សកុម្មុយនិស្តចិន

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយលោក SHU QIMING អតីតអគ្គលេខាធិការនៃគណៈកម្មការជាតិរបស់អង្គប្រជុំនយោបាយនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់នៃគណបក្ស កុម្មុយនិស្តចិន នៅទីស្នាក់ការកណ្តាល គណបក្សរាជធានីភ្នំពេញ ។

ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោក Qiming ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ចើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលប្រទេសចិន និងគណបក្សកុម្មុយនិស្តចិន ដែលតែងតែបានជួយគាំទ្រ និងផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក ។

ព្រះអង្គម្ចាស់ ក៏បានប្តេជ្ញាក្នុងការបន្តរឹតចំណង ទំនាក់ទំនង កិច្ចសហប្រតិបត្តិការណ៍ល្អ រវាងគណបក្សទាំងពីរ ជាពិសេស បន្តថែរក្សាវប្បធម៌ ប្រពៃណីការទូត ដ៏ល្អរវាងប្រទេសបងប្អូនទាំងពីរ ចិន-កម្ពុជា ជាអមតៈ ដែលជាចំណងមិត្តដែកថែប ក្នុងការកសាងជោគវាសនារួម នៃប្រជាជាតិទាំងពីរ ។
នាឱកាសនោះដែរ លោក Qiming ក៏បានថ្វាយលិខិត ចូលរួមអបអរសាទរ ខួបទី៤២ ឆ្នាំគណបក្សហ៊្វុនស៊ិនប៉ិច និង បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ គណបក្សទាំងពីរ កាន់តែរីកធំធាត់ជាលំដាប់ ហើយភាគីចិនសង្ឃឹមថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែបន្តវត្តមានដ៏សំខាន់ សម្រាប់ស្ថេរភាព នយោបាយ នៅកម្ពុជា នឹងដើម្បីរក្សាភាពជាដៃគូល្អ ជាមួយគណបក្សកុម្មុយនិស្តចិន ជាអមតៈ ៕

To Top