ភ្នំពេញ៖ ដើម្បីចូលរួមចំណែក លើកកម្ពស់ចំណេះដឹង ហិរញ្ញវត្ថុជាមូលដ្ឋាន ដល់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មាន ទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងឲ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សមាគមធនាគារ នៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ លើវិស័យហិរញ្ញវត្ថុដល់អ្នកសារព័ត៌មាន ប្រមាណជា៨០នាក់។
យោងតាមសេចក្តីប្រកាសរួមមួយបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានបែងចែកជាពីរវគ្គ។ វគ្គទី១ គឺសម្រាប់អ្នកសរសេរអត្ថបទព័ត៌មាន ប្រមាណ៥៨នាក់ និងវគ្គទី២ គឺសម្រាប់ការីនិពន្ធប្រមាណ ២០នាក់ មកពី៤០ស្ថាប័នក្នុងស្រុក និងអន្តរជាតិផ្សេងៗគ្នា។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីរួមចំណែកក្នុងការកសាងភាពធន់ ភាពរឹងមាំ នៃវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង តាមរយៈការផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះ បន្ថែមទាក់ទងនឹង វិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យធានារ៉ាប់រង ។
កិច្ចការនេះ ក៏ជាការកសាងបណ្តាញ និងរក្សាទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងធនាគារិក ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជាផងដែរ ។
វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ នឹងផ្តោតជាចម្បងលើមូលដ្ឋានគ្រឹះ នៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ មាតិកាសំខាន់ៗ គ្របដណ្តប់លើតួនាទីរបស់និយ័តករហិរញ្ញវត្ថុ និងសមាគម បទប្បបញ្ញត្តិ នៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង វិន័យទីផ្សារ ប្រតិបត្តិការទីផ្សារ នៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កិច្ចការពារអតិថិជន ការផ្តល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ តួនាទីរបស់ប្រព័ន្ធចែករំលែកឥណទាន ក្នុងការគាំទ្រវិស័យហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ និងការណែនាំស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច។
សូមបញ្ជាក់ថា នេះជាលើកទីពីរ ដែលសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្រោយពីទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០២២ ។ បន្ថែមលើនេះ ក្នុងវគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៣ ក៏មានការចូលរួម សមាគមធានារ៉ាប់រងផងដែរ ។ ក្រៅពីការបណ្តុះបណ្តាលពង្រឹង ចំណេះដឹងមូលដ្ឋានគ្រឹះ សម្រាប់អ្នកសារព័ត៌មាន សមាគមទាំងបី នឹងបង្កើតនូវកម្មវិធីមួយចំនួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងធានាគារិក និងធានារ៉ាប់រងផងដែរ៕