ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំអាជ្ញាធរ បន្ដថែរក្សាសុខសន្ដិភាព ព្រមទាំងការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

" "

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំអាជ្ញាធរ បន្តខិតខំរួមគ្នាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងព្រះមហាក្សត្រ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យទៀត ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗ ដល់រដ្ឋបាលខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវខិតខំរួមគ្នា សម្រេចឲ្យបានក្នុងឆ្នាំ២០២៣ រួមមាន៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការបោះឆ្នោតជាតិ លើកទី៧, កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, ការគ្រប់គ្រង ការពារសន្តិសុខ និង ការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រង ធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារ។

" "

សម្ដេចមានប្រសាសន៍ថា «បន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹង នីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត»។

" "

ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង បានលើកឡើងថា ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងបទបញ្ជ នីតិវិធីនៃការបោះឆ្នោត ព្រមទាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតនេះបានយ៉ាងល្អប្រសើរ ពិសេសក្នុងតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ាន ក៏បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងជា ប្រវត្តិសាស្ត្រក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ដែលជាការលើក កម្ពស់ថែមទៀតនូវកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕

To Top