ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ គ្រូពេទ្យ ត្រូវប្រកាន់ភ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានតម្រង់ទិសឲ្យក្រុមគ្រូពេទ្យ ប្រកាន់ភ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈជាប់ជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋពេញចិត្តពេញថ្លើម នឹងសេវាកម្មរបស់វិស័យសុខាភិបាល។

ការតម្រង់ទិសបែបនេះ បានធ្វើឡើង ព្រឹកថ្ងៃ២៩ មីនា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ សុខាភិបាល ឆ្នាំ២០២២ និងលើកទិស ដៅការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំង លើវិស័យសុខាភិបាល ពិសេសសុខមាលភាព ប្រជាពលរដ្ឋ។ នៅឆ្នាំ២០៣០ខាងមុខ រាជរដ្ឋាភិបាល បានកំណត់គោលដៅ តម្រង់ទិសរយៈពេលមធ្យម និងរយៈពេលវែង ក្នុងការគ្រប់គ្រងធនធានមនុស្ស ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍កម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើន។

លោកបន្តថា សម្ដេចតេជោបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ចេញវិធានការឆ្លើយតប ពិសេសយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ នៅឆ្នាំ២០២១ ។

លោកថា តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបង្ហាញពីការងារយ៉ាងល្អរបស់មន្ត្រី និងដៃគូអភិវឌ្ឍន៍ តាមរយៈការពិនិត្យសមិទ្ធផល ដែលបានធ្វើរួមគ្នា ក្នុងការលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ពិសេសការតម្រង់ទិស ឲ្យក្រុមគ្រូពេទ្យ អនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្ត នឹងសេវាកម្ម៕

To Top