ព័ត៌មានជាតិ

លោកសន្តិបណ្ឌិត តេង សាវង្ស អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់ខេត្តកំពង់ចាម

កំពង់ចាម៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត តេង សាវង្ស នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ខេត្តកំពង់ចាម នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ក្នុងរយៈពេល ១០ឆ្នាំមកនេះក្រសួងមហាផ្ទៃ បានជម្រុញចលនាអនុវត្ត តាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយបានធ្វើឱ្បបរិយាកាសសន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួម និយាយដោយឡែក ខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅ ប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ។ តាមរយៈគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដែលមានស្នងការដ្ឋាននគរបាលខេត្ត ជាសេនាធិការ បានអនុវត្តគោលនយោបាយទាំង ០៧ចំណុចនេះ ដោយជំរុញដល់គ្រប់ គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុក-ក្រុង និងកងកម្លាំងនគរបាលសហការ ជាមួយកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងនិរន្តរភាពរដ្ឋបាលទូទាំងខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ ។

លោកសន្តិបណ្ឌិត តេង សាវង្ស បានឲ្យដឹងដែរថា ក្នុងការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានតម្រូវឱ្យក្រសួងមហាផ្ទៃ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងរដ្ឋបាលឃុំ សង្កាត់ក្នុងការចាត់តាំងអនុវត្ត គោលនយោបាយនេះឱ្យបានសកម្មផុលផុស ជាប់ជាប្រចាំនៅទូទាំងប្រទេស។ គោលនយោបាយនេះ ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃ បង្កើតលេខាធិការដ្ឋានមួយ ដើម្បីជួយក្រសួងមហាផ្ទៃ ក្នុងការតាមដានត្រួតពិនិត្យ ដាស់តឿន បូកសរុបវាយតម្លៃ និងរៀបចំរបាយការណ៍អំពី លទ្ធផលនៃការអនុវត្តគោលនយោបាយ ជូនរាជរដ្ឋាភិបាល។

រហូតមកទល់ពេលនេះ លេខាធិការដ្ឋានសម្រាប់គាំទ្រ ការអនុវត្គគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” (គ.ភ.ឃ.ស.) ត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ និងត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏មានការទទួលខុសត្រូវដឹកនាំ សម្របសម្រួលជាមួយក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចនានា ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពាក់ព័ន្ធនឹងលក្ខណសម្បត្តិទី១ ទី២ ទី៣ និងទី៤ ផងដែរ ខណៈដែលក្រសួស្ថាប័នពាក់ព័ន្ធនានា ក៏ត្រូវមានការទទួលខុសត្រូវ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ព្រមទាំងទទួលខុសត្រូវដោយផ្ទាល់ ក្នុងការដឹកនាំសម្របសម្រួលអនុវត្តលក្ខណសម្បត្តិនានា នៃគោលនយោបាយនេះផងដែរ ៕

To Top