ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនកម្ពុជា បានផ្ដាំសារទៅកាន់ក្រុមប្រឆាំង ដែលធ្លាប់មានទំនាក់ទំនងល្អ ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្ន កុំឲ្យមានការយល់ច្រឡំថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកប្រដៅនាយករដ្ឋមន្ត្រីកម្ពុជាឲ្យសោះ។
ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ធ្វើឡើង ក្រោយលោក អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ លោកនាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ីរូបនេះ ធ្លាប់ជាមេបក្សប្រឆាំង និងធ្លាប់ជាប់ពន្ធនាគារ២លើកផងដែរ ។
ក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នាព្រឹកថ្ងៃ៣០ មីនា សម្តេចតេជោបញ្ជាក់ថា ក្នុងជំនួបជាមួយ លោក អាន់វ៉ា គឺលោកបានបង្ហើបប្រាប់សម្តេចថា ក្រុមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ចង់យកទឹកដីម៉ាឡេស៊ី ដើម្បីធ្វើសកម្មភាពរបស់ពួកគេ។
សម្តេចតេជោបានរិះគន់ ដល់មេដឹកនាំក្រុមប្រឆាំងកម្ពុជា ដែលបានយកសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កន្លងទៅដែលគាត់ធ្លាប់ជា អតីតមេដឹកនាំក្រុមប្រឆាំងមកបំភ្លៃ ខណៈដែលពេលនេះ រូបគាត់បានក្លាយទៅជាដៃគូ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។
សម្តេចបញ្ជាក់ថា «កាលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គាត់នៅជាបក្សប្រឆាំង អ្នកអាចទាក់ទងក្នុងក្របខណ្ឌប្រឆាំង ប៉ុន្តែឥឡូវនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាអតីតអ្នកជាប់ឃុំឃាំង ឥឡូវនេះក្លាយទៅជានាយករដ្ឋមន្ត្រី គាត់បានក្លាយទៅជាដៃគូ របស់អ្នកកាន់អំណាចដូចគ្នា»។
សម្តេចបន្ថែមថា «ខ្ញុំក៏ដឹងពីគាត់ថា ពួកប្រឆាំង(កម្ពុជា) ចង់ធ្វើអីនៅលើទឹកដីម៉ាឡេស៊ី។ ខ្ញុំគ្រាន់តែប្រាប់ឲ្យអ្នកឯងយល់ឲ្យច្បាស់ មេដឹកនាំគេចេះធ្វើការជាមួយគ្នាណាស់ អ្នកមិនទាន់មានបទពិសោធន៍ធ្វើនាយករដ្ឋមន្ត្រីទេ ខ្ញុំមានបទពិសោធន៍ធ្វើជិតកន្លះទសវត្សរ៍ហើយ»។
សម្តេចបានអះអាងថា នៅក្នុងជំនួបនោះ សម្តេចមិនបានលើករឿងហ្នឹងទេ ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា មានអ្នកចង់មកកម្ពុជា។ ប៉ុន្តែគាត់បានប្រាប់ថា កុំឲ្យមក ព្រមទាំងបានហាមតំណាងរាស្រ្ត របស់គាត់ដែលចង់រៀបចំកម្មវិធី ដោយមានវត្តមានក្រុមប្រឆាំងមកផងដែរ។
សម្តេចបញ្ជាក់បន្ថែមថា «បើសិនជាធ្វើរបៀបនេះ វានឹងធ្វើឲ្យរដ្ឋ និងរដ្ឋ មើលមុខគ្នាមិនត្រង់នោះទេ ព្រោះនេះជាគោលការណ៍នៅក្នុង ក្របខណ្ឌមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»។
សម្តេចបានផ្ដាំទៅក្រុមប្រឆាំងថា «កុំឲ្យមានការយល់ច្រឡំថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកប្រដៅនាយករដ្ឋមន្ត្រីកម្ពុជាឲ្យសោះ» ៕