ភ្នំពេញ ៖ លទ្ធផលជំរឿនសត្វត្មាត ឆ្នាំ២០២២ បានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កន្លងទៅ កាន់តែមានសញ្ញាណវិជ្ជមាន ដោយមានការកើនឡើង ១៣ក្បាល បើធៀបនឹងឆ្នាំ២០២១ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ។
យោងតាមសារតេឡេក្រាម របស់ក្រសួងបរិស្ថាន នៅថ្ងៃ៣០ មីនាបានឲ្យដឹងថា «ចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគី ក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។ នៅឆ្នាំ ២០២២ ជំរឿន បានបង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាតទាំង៣ប្រភេទ សរុបចំនួន១៣៤ ក្បាល ក្នុងនោះ រួមមាន ៖ ត្មាតផេះ៧១ក្បាល ត្មាតត្នោត៤៤ក្បាល និងត្មាតភ្លើងចំនួន១៩ក្បាល»។
ក្រសួងបន្ដថា ចំនួនសត្វត្មាត មានការកើនឡើងចំនួន១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន១២១ ក្បាល ។ លទ្ធផលជំរឿនសត្វត្មាត ថ្នាក់ជាតិឆ្នាំ២០២១ បានបង្ហាញថា សត្វត្មាត មានចំនួនសរុបចំនួន១២១ក្បាល ក្នុងនោះ មានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ ក្បាល និងត្មាតត្នោត៣៥ ក្បាល ។
សូមរំលឹកថា សមាជិកស្នូល នៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន ៖ ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរ សម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន ៖ សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា (CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូពាក់ព័ន្ធបាន ធ្វើការងារលើការអភិរក្ស សត្វត្មាតនៅកម្ពុជា៕