ព័ត៌មានជាតិ

ដាក់ដំណើរការជាផ្លូវការ កម្មវិធីបណ្តុះបណ្តាល ស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់សហគ្រាសកម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តជោ“ និងក្រុមហ៊ុន META បានសហការរៀបចំពិធីដាក់ដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលស្តីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា”។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមានការចូលរួមពី តណាងសមាគម, សា្ថប័នពាក់ព័ន្ធ និងវិស័យឯកជនសរុបប្រមាណ១០០នាក់ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Oakwood Premier Phnom Penh។

កម្មវិធីបណ្តុះបណ្តាល “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” គឺជាកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល៨សប្តាហ៍ ត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ៗ ចំនួន ៤៖ (១) បង្កើនការយល់ដឹងទូលំទូលាយពីការស្វែងរកទីផ្សារតាម ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតួនាទីនៅក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ន , (២) បង្កើនជំនាញ និងចំណេះដឹងចាំបាច់ក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាពខ្ពស់ , (៣) យល់ដឹងអំពីរបៀបបង្កើត និងរៀបចំមាតិកាមានគុណភាពខ្ពស់ និងទាក់ទាញ ស្របតាមគោលដៅប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ខ្លួន , និង(៤) យល់ដឹងអំពីរបៀបបង្កើត និងចូលរួមជាមួយសហគមន៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងចំនួន ២លើក ក្នុងឆ្នាំ២០២៣ លើកទី១ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ និងលើកទី២ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ទៅដល់សហគ្រាសសរុបចំនួន១០០ក្នុងការកសាងបណ្តាញទំនាក់ទំនង និងការអភិវឌ្ឍចំណេះដឹង និងជំនាញទីផ្សារឌីជីថលនៅក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

ការដាក់ដំណើរការជាផ្លូវការនេះ ត្រូវបានចាប់ផ្ដើមដំណើរការដោយមតិស្វាគមន៍របស់លោកបណ្ឌិត ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META និងសុន្ទរកថាបើករបស់លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ក្នុងការថ្លែងសុន្ទរកថាបើកនេះ លោកបណ្ឌិត បានលើកឡើងពីសក្តានុពល និងកាលានុវត្តភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការអាជីវកម្ម និងការពង្រីកទីផ្សារអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល សម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម។

ក្នុងដំណើរការនៃពិធីដាក់ដំណើរការនេះដែរ វាគ្មិនកិត្តិយសដែលជាម្ចាស់សហគ្រាស និងអ្នកជំនាញ បានចូលរួមចែករំលែកបទពិសោធន៍ជាក់ស្ដែង ទាក់ទងទៅនឹងការអនុវត្តការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ក៏ដូចជាការលើកឡើងនូវទស្សនៈមួយចំនួនលើសារៈសំខាន់ នៃការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសក្នុងយុគសម័យឌីជីថល។

ជាមួយគ្នានេះដែរ ពិធីដាក់ដំណើរការនេះក៏មានការធ្វើបទបង្ហាញអំពីកម្មវិធីបណ្តុះបណ្តាល រួមមាន ៖ទិដ្ឋភាពទូទៅនៃកម្មវិធីម៉ូឌលវគ្គសិក្សា និងកាលវិភាគសិក្សា , អត្ថប្រយោជន៍ , លក្ខន្តិកៈ និងតម្រូវការក្នុងការចូលរួមនៃកម្មវិធី អមជាមួយនឹងការសួរសំណួរជាច្រើនពីអ្នកចូលរួមផងដែរ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញថ្លែងសុន្ទរកថាបិទដោយគូសរំលេចពីសារៈប្រយោជន៍ មួយចំនួនរបស់វគ្គបណ្តុះបណ្តាល ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងផ្នែកការធ្វើទីផ្សារបែបឌីជីថល ដល់សហគ្រាសធុនមីក្រូតូចនិងមធ្យម ដើម្បីដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ។ បណ្ឌិត ក៏បានលើកទឹកចិត្តសហគ្រាសទាំងអស់ចូលរួម និងផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងបន្ថែមពីអ្នកជំនាញច្បាស់លាស់ ដើម្បីយកទៅអនុវត្ត និងដំណើរការអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរ៕

To Top