ព័ត៌មានជាតិ

មន្ទីរវប្បធម៌រាជធានីភ្នំពេញ បកស្រាយថា ពិធីសែនព្រេននៅវត្តភ្នំ ដើម្បីរៀបចំសង្ក្រាន្ត ជាពិធីសែនឧបករណ៍ របស់ក្រុមជាង

ភ្នំពេញ ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបកស្រាយថា ករណីពិធីសែនព្រេន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណវត្តភ្នំ គឺជាពិធីសែនឧបករណ៍ សម្ភារៈ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៣ប៉ុណ្ណោះ ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបកស្រាយបែបនេះ ក្រោយអ្នកបណ្ដាញ សង្គមហ្វេសប៊ុកជាច្រើន បាននាំរិះគន់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ រៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ និងការរៀបចំសង្ក្រាន្តវត្តភ្នំ មានលក្ខណៈបែបព្រៃណីចិន ខុសពីប្រពៃណីខ្មែរ ។

យោងតាមសេចក្តីស្រាយបំភ្លឺរបស់មន្ទីរវប្បធម៌ រាជធានីភ្នំពេញ នាថ្ងៃទី៣០ មីនា នេះ បានឲ្យដឹងថា «បងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាជ្រាបថា ករណីពិធីសែនព្រេនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ គឺជាពិធីសែនឧបករណ៍ សម្ភារៈ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៣»។

មន្ទីរវប្បធម៌បន្ដថា ដោយឡែក កិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ៕

To Top