ព័ត៌មានជាតិ

ត្រីមាសទី១ ឆ្នាំ២០២៣ សមាជិក ប.ស.ស. ប្រើប្រាស់សេវាសុខាភិបាលមួយថ្ងៃ ជាងមួយម៉ឺនករណី កើនឡើងជាង៣០%

ភ្នំពេញ៖ ក្នុងឱកាសដែលអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយករងប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ បច្ចុប្បន្នប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ នេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យដៃគូប្រមាណជាង ១លានករណី ដែលគិតក្នុងមួយថ្ងៃជាង ១ម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។

ទន្ទឹមនឹងការប្រើប្រាស់សេវា របស់សមាជិក ប.ស.ស. ដ៏ច្រើននេះ លោកអគ្គនាយករង បានបន្ថែមថា៖ បច្ចុប្បន្ន ប.ស.ស. បានចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេស សរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤។ 

ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ជូនសមាជិករបស់ខ្លួន លោកអគ្គនាយករង បានបន្ដថា៖ប.ស.ស. បាននឹងកំពុងសិក្សាពង្រីកវិសាលភាព ចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀតដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង ជាពិសេសជាមួយ មូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត ងាយស្រួល ក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែល មានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។

ក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយករង ក៏បានសង្កត់ធ្ងន់ថា៖ កន្លងមកកិច្ចសហការ របស់មូលដ្ឋានសុខាភិបាល ជាមួយប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូច មិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវា ជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេសការទាមទារទូទាត់ថ្លៃ សេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាល ដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ។ 

ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានស្នើដល់អង្គពិធីទាំងមូលលើកជាសំណួរ អំពីបញ្ហាប្រឈមទៅកាន់មន្ត្រីជំនាញ ពិសេសថ្នាក់ដឺកនាំ ឬតំណាងមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តទៅតាម កិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា លើកកម្ពស់ គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ ដល់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងទាន់ពេលវេលា។

សូមបញ្ជាក់ថាៈ កិច្ចប្រជុំពីស្ដីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដៃគូ ប.ស.ស. ខាងលើមានការអញ្ជើញចូលរួម ពីសំណាក់ តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ២០០នាក់ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕

To Top