ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង ស្ដីពីលទ្ធកម្មសាធារណៈ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣១ មីនានេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ” ។

លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបាន បង្កើតឡើងដោយផ្អែកតាមមាត្រា៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា “ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។

ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២នេះ បានកំណត់ឲ្យក្រសួងសេដ្ឋកិច្ច ដើរតួនាទីជាស្ថាប័នមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈ និងមានសិទ្ធិអំណាចរៀបចំ គោលនយោបាយលទ្ធកម្មសាធារណៈ ព្រមទាំងអនុវត្តសិទ្ធិអំណាចដែលមានក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ ទោះបីជាយ៉ាងនេះក្ដី ស្របតាមកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ រាជរដ្ឋាភិបាលមានតម្រូវការចាំបាច់ ក្នុងការបន្តពង្រឹងយន្តការគណនេយ្យភាព តាមរយៈក្របខ័ណ្ឌនិយ័តកម្មដែលក្នុងនោះ ត្រូវប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច ជានិយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ។

ចំណែកឯស្ថាប័ន អនុវត្តលទ្ធកម្មត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះការ អនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ធ្វើឡើងក្នុងគោលបំណងដើម្បី ធានាបានភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ៕

To Top