ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅប្រជុំកំពូល គណៈកម្មការ ទន្លេមេគង្គលើកទី៤ នៅឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការ ទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

ការធ្វើដំណើរទៅប្រជុំនៅឡាវ នាដើមខែមេសា ដែលជាខែជិតចូលឆ្នាំប្រពៃណីខ្មែរនេះ របស់សម្តេច ធ្វើឡើងតបតាមការអញ្ជើញ របស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ៣១ មីនា បានឲ្យដឹងថា គណៈប្រតិភូអមដំណើរ រួមមាន ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា , លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ដ្រីជាន់ខ្ពស់ដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅកម្ពុជា និងពិភាក្សាពីបញ្ហាប្រឈម កំពុងកើតមាន នៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រ នាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងអាងទន្លេមេគង្គ កាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ ៕

To Top