ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ ប.ស.ស. បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព លោក ហៀង សុលីដែត ប្រធានសាខា ប.ស.ស. ខេត្តស្វាយរៀង បានទទួលមរណភាព កាលពីថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៦:២៥នាទីយប់ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំឥតឧបមានេះ លោក អ៊ុក សមវិទ្យា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃបេឡាជាតិ សន្ដិសុខសង្គម បាននាំយកបច្ច័យចំនួន ២០លានរៀល និងសម្តែងនូវសមានទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការ ចំពោះការបាត់បង់ លោក ហៀង សុលីដែត ដែលនេះជាការបាត់បង់ឳពុក ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ និងជាការបាត់បង់ថ្នាក់ដឹកនាំ ប.ស.ស. មួយរូបដ៏ឆ្នើម ដែលតែងតែជួយ ដល់បងប្អូនកម្មករ កម្មការិនី ក្នុងខេត្តស្វាយរៀង ដោយសទ្ធាជ្រះថ្លាបរិសុទ្ធ ។ រីឯសពត្រូវបានក្រុមគ្រួសារតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទោះបីរូបកាយរបស់លោក បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកហៀង សុលីដែត បានទៅកាន់សុគតិពភ កុំបីឃ្លៀងឃ្លាតឡើយ ៕








