ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត រំឭកតួនាទីដ៏សំខាន់របស់អូស្ត្រាលី រួមចំណែកស្វែងរកសន្តិភាព ស្តារ និងអភិវឌ្ឍកម្ពុជាជាង៣០ឆ្នាំមកនេះ

" "

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានរំឭកអំពីតួនាទីដ៏ មានសារៈសំខាន់របស់អូស្ត្រាលី នៅក្នុងការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព, ការស្តារកសាង និងអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ។

ការរំឭក របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Justin Kevin Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

" "

ក្នុងជំនួប លោកឯកអគ្គរាជទូត ពេញចិត្ត ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយក្នុងនោះវិស័យការពារជាតិ ក៏មានការវិវឌ្ឍរីកចម្រើនជាលំដាប់ ជាពិសេសការផ្លាស់ទស្សនកិច្ចគ្រប់កម្រិត និងការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស។

" "

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បានរំឭកអំពីតួនាទីដ៏មានសារៈសំខាន់ របស់អូស្ត្រាលីនៅក្នុងការចូលរួមចំណែក ក្នុងដំណើរការ ស្វែងរកសន្តិភាព, ការស្តារកសាង និងអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ជាពិសេសក្នុងដំណាក់កាល នៃការងើបឡើងវិញពីវិបត្តិ នៃជំងឺកូវីដ-១៩នេះ អូស្ត្រាលីក៏បានដាក់ឲ្យដំណើរការគម្រោងភាព ជាដៃគូកម្ពុជា-អូស្រ្តាលី ក្នុងទឹកប្រាក់ប្រមាណ៨៧លានដុល្លារ ដើម្បីពង្រឹងភាពធន នៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទក្រោយវិបត្តិ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្រ្តាលី សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អផ្នែកសន្តិសុខ និងការពារជាតិ ជាពិសេសកម្រិតកងទ័ពជើងគោក ទាំងលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយឧបត្ថម្ភជាសម្ភារបរិក្ខារនានា ជាដើម។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាអន្តរជាតិមួយចំនួន ជាពិសេសអំពីសារៈសំខាន់នៃគោលការណ៍អធិបតេយ្យរដ្ឋ, ការគោរពគ្នាទៅវិញទៅមក និងភាពចាំបាច់ នៃការស្វែងរកដំណោះស្រាយដោយសន្តិវិធី តម្លាភាព និងការទុកចិត្តគ្នា ដើម្បីដោះស្រាយវិបត្តិ ដែលកំពុងកើតមាន នៅក្នុងតំបន់ និងសាកលលោក ៕

To Top