ព័ត៌មានជាតិ

សមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារនៅខេត្តកំពង់ធំ អរគុណដល់ ប.ស.ស. និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពួកគាត់ 

កំពង់ធំ៖ នាចុងសប្តាហ៍កន្លងមកនេះ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ក្រុមការងារព័ត៌មាននៃ ប.ស.ស. បានទៅបំពេញការងារ នៅទឹកដីខេត្តកំពង់ធំ ដោយសហការជាមួយ ប្រធានសាខា ប.ស.ស. ខេត្តចុះទៅដល់ផ្ទះជនរងគ្រោះ ចំនួន ២នាក់ ជាសមាជិក ប.ស.ស. ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក។

លោក ឌី ម៉េងលាង ជាអតីតកម្មករបម្រើការងារ នៅសហគ្រាស ផលិតទឹកសុទ្ធមួយកន្លែង ដែលស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ លោកជាជនរងគ្រោះ ដោយសារតែដៃរបស់លោក ចូលក្នុងម៉ាស៊ីនផលិតដបទឹកសុទ្ធ បណ្ដាលឱ្យដាច់មេដៃខាងឆ្វេង។លោកនិយាយថា លោកពិតជាអរគុណ ប.ស.ស. ណាស់ដែលបានជួយលោកនៅពេលគ្រោះថ្នាក់ និងជួយចេញថ្លៃព្យាបាលដោយលោកមិនបានចំណាយថវិកាផ្ទាល់ខ្លួនអ្វីឡើយ។

ចំណែកអ៊ំស្រី យ៉ាន ថាន វិញ រស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ដែលជាម្តាយជនរងគ្រោះម្នាក់ ឈ្មោះ ព្រុំ សុភីបានស្លាប់ ក្នុងពេលជៀជ័រកៅស៊ូ។ សព្វថ្ងៃអ៊ំស្រី ទទួលបានធនលាភឧត្តរជីវី ជាមួយចៅកំសត់តូចៗ២នាក់ ដែលម្តាយ បានលាចាកលោកចោល ។ 

ជាមួយនិងភាពក្តុកក្តួលអ៊ំស្រី បានបន្តថា គាត់ពិតជាអរគុណ និងដឹងគុណជាពិសេស ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ចំពោះពួកគាត់ ក៏ដូចជា ប.ស.ស. ផងដែរ ដែលបានជួយសម្រួល ការលំបាករបស់អ៊ំស្រី ព្រមទាំងបានផ្តល់ជូននូវប្រាក់ឧបត្ថម្ភ (ធនលាភឧត្តរជីវី) ជូនអ៊ំស្រី  ព្រមទាំងចៅតូចៗទាំង២ របស់អ៊ំស្រី ជារៀងរាល់ខែ  បើគ្មានការជួយដោយផ្ទាល់ របស់ប.ស.ស. ទេ អ៊ំស្រីរួមទាំងចៅតូចៗ២នាក់ មិនដឹងជួបការលំបាកយ៉ាងណានោះទេ។

ប្រធានសាខា ប.ស.ស. ខេត្តកំពង់ធំ លោក លី សុខា បញ្ជាក់ថា ៖ បើគិតចាប់ពីដើមឆ្នាំ២០២២ មកដល់បច្ចុប្បន្ន  ប.ស.ស. ខេត្តកំពង់ធំបានផ្ដល់តាវកាលិក ដល់សមាជិក ប.ស.ស. ប្រមាណជិត ២ពាន់នាក់ ដែលក្នុងនោះមានសមាជិក ប.ស.ស. រងគ្រោះថ្នាក់ការងារចំនួន ១១២នាក់ និងស្ដ្រីសម្រាលកូនប្រមាណជាង ១ពាន់នាក់ តាមរយៈមន្ត្រី និងបុគ្គលិក ប.ស.ស. ខេត្តចុះជួយសម្របសម្រួល ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.។

លោកប្រធានសាខា ប.ស.ស. ខេត្ត បានបញ្ជាក់ឱ្យដឹងដែរថា៖ រាល់សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ដោយសារការងារ  ប.ស.ស. បានផ្តល់របបធានារ៉ាប់រងគ្រោះថ្នាក់ការងារជូនដល់ពួកគាត់ ដែលរួមមាន៖ សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលនិងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នកថែទាំ, ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន, ផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗ ប៉ុន្តែប្រសិនបើជនរងគ្រោះ រហូតដល់បាត់បង់ជីវិត ប.ស.ស. នឹងផ្តល់តាវកាលិកឧត្តរជីវី (ប្រាក់ឧបត្ថម្ភ) ដល់សិទ្ធិវ័ន្ត (ជននៅក្នុងបន្ទុក នៃគ្រួសារជនរងគ្រោះ)។

ទាំងនេះគឺសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិត៕

To Top