ព័ត៌មានជាតិ

កម្ពុជា-ចិន រំឭកវិញ្ញាណក្ខន្ធយុទ្ធជន រក្សាសន្តិភាពចិន ក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅកម្ពុជា ខណៈដែលឆ្នាំ២០២៣ គឺជាខួបគម្រប់៣០ឆ្នាំ

ឆ្នាំនេះ គឺជាខួបគម្រប់៣០ឆ្នាំ នៃការលះបង់ របស់យុទ្ធជនរក្សាសន្តិភាពចិន លោក Chen Zhiguo និង Yu Shili នៅព្រឹកថ្ងៃទី៣១ ខែមីនា។ ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានចាត់តាំងតំណាងចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន រក្សាសន្តិភាពចិន នៅភូមិស្គន់ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ លោក Chen Zhiguo និងលោក Yu Shili នៅរំលឹកដល់ស្នាដៃដ៏អស្ចារ្យរបស់យុទ្ធជនពលី និងឧទ្ទិសកុសល គោរពវិញ្ញាណក្ខន្ធវីរជន។

លោក Tang Hao អនុព័ន្ធយោធា នៃស្ថានទូតចិន ប្រចាំកម្ពុជា នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា តំណាងក្រសួង ការពារជាតិកម្ពុជា តំណាងស្ថាប័ន ដែលផ្តល់មូលនិធិដោយចិន នៅកម្ពុជា និងសិស្សានុសិស្ស សរុបជិត២០០នាក់ បានចូលរួមក្នុងពិធីនេះ ។

តាងនាមឱ្យស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Tang Hao អនុព័ន្ធយោធា បានដាក់កម្រងផ្កា និងថ្លែងសុន្ទរកថា នៅស្ដូកគោរពវិញ្ញាណក្ខ័ន្ធកងទ័ពចិន។ លោក Tang Hao អនុព័ន្ធយោធា បានថ្លែងថា កាលពី ៣០ឆ្នាំមុន លោក Chen Zhiguo និង Yu Shili រួមដំណើរ ជាមួយកងទ័ពចិន បានបូជាជីវិតប្រកបវីរភាព ក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅកម្ពុជា ។

ជាមួយនឹងការខិតខំ ប្រឹងប្រែងរួមគ្នារបស់ចិន និងកម្ពុជា ផ្កា នៃមិត្តភាពចិន-កម្ពុជា ដែលកើតចេញពីការបូជាជីវិត របស់យុទ្ធជនចិនទាំងពីររូប បានរីកដុះដាលយ៉ាងត្រចះត្រចង់ ហើយទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន ក្នុងយុគសម័យថ្មី គឺភ្លឺស្វាងឥតឈប់ឈរ ជាមួយនឹងភាពរឹងមាំថ្មី ។ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ច យ៉ាងជោគជ័យមួយទៀត នៅប្រទេសចិន ហើយបានយល់ព្រមជាមួយលោកប្រធានាធិបតីចិន Xi Jinping ក្នុងការកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “គ្រាប់ពេជ្រប្រាំមួយជ្រុង” ចិន-កម្ពុជា ជំរុញទំនាក់ទំនងមិត្តភាព រវាងចិន និងកម្ពុជាទៅរកកម្រិតខ្ពស់ថ្មីមួយទៀត ។

លោក Tang Hao អនុព័ន្ធយោធា បានចង្អុលបង្ហាញថា បុព្វហេតុសន្តិភាព នៅកម្ពុជា ដែលយុទ្ធជនចិន ឈិន ជឺគ័រ និង លោក យូ ស្សឺលី បានបូជាជីវិត ដើម្បីថែរក្សា ឥឡូវនេះ បានបើកជំពូកថ្មីមួយហើយ ។ ចាប់តាំងពីឆ្នាំ២០១៨ មក ប្រទេសចិនបានជួយកម្ពុជាបោសសម្អាតផ្ទៃដីចំនួន ៧៤.៩២ គីឡូម៉ែត្រការ៉េ ដែលគំរាមកំហែង ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយឥតសំណង និងបានរកឃើញ និងបំផ្ទុះគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះបានចំនួន 71,558 គ្រាប់ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ នាក់។

បច្ចុប្បន្ននេះ កងទ័ពចិន និងកម្ពុជា កំពុងធ្វើសមយុទ្ធ “នាគមាសឆ្នាំ២០២៣” រួមគ្នានៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថកម្ពុជា នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដោយមានប្រធានបទសំខាន់មួយគឺការបោសសម្អាតមីន និងការសង្គ្រោះមនុស្សធម៌ ។ ជឿជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងចិន និងកម្ពុជា ពិតជានឹងជំរុញបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ឱ្យទទួលបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ ។

នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងកងទ័ពចិន ដែលបានចូល រួមចំណែកយ៉ាង ធំធេង ក្នុងសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា មានក្ដីរំឭកយ៉ាង ជ្រាលជ្រៅ និងចងចាំជានិច្ច ចំពោះយុទ្ធជនរក្សាសន្តិភាពចិន ដែលបានបូជាជីវិតនៅកម្ពុជា ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top