ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាអាជ្ញាធរ បន្តអនុវត្តន៍ជាប្រព័ន្ធក្នុងការស្រាវជ្រាវ និងចាត់វិធានការម៉ឺងម៉ាត់ ចំពោះការលាងសម្អាតប្រាក់

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តជាប្រព័ន្ធក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះការលាងសម្អាតប្រាក់។

ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ​ នាថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២៣​ សម្ដេច​ ស​ ខេង​ បានណែនាំរដ្ឋបាលខេត្តព្រះសីហនុ បង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវសហការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសមិនប្រពៃណីនានា (Non- Traditional Crime) ដែលកំពុងមានការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ។

សម្ដេច​ បន្ដថា​ ករណីលាងសម្អាតប្រាក់ ថ្មីៗនេះ អង្គការ FATF បានសម្រេចដក ប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ នៃការលាងសម្អាតប្រាក់។

សម្ដេច​ ស​ ខេង​ គូសបញ្ជាក់ថា​ “ហេតុនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តជាប្រព័ន្ធក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះការលាងសម្អាតប្រាក់ដើម្បី ជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត”។

សម្ដេច​ បន្ថែមថា ចំពោះអំពើជួញដូរមនុស្ស កម្ពុជា​បានដាក់ចេញ និងអនុវត្តយ៉ាងសកម្មនូវផែនការ បង្កើនការប្រយុទ្ធប្រឆាំងបទល្មើសនេះ ដោយកំណត់យកខេត្តព្រះសីហនុជា គោលដៅនៃការស្រាវជ្រាវ លើពាក្យបណ្តឹងនានាដែលអះអាងថា មានការជួញដូរ មនុស្ស ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បានរកឃើញ មុខសញ្ញាពាក់ព័ន្ធពាក្យបណ្តឹងទាំងនោះ ភាគច្រើននៅតាមទីតាំង ល្បែងភ្នាល់អនឡាញខុសច្បាប់នានា។ ឆ្លងតាមកិច្ចប្រតិបត្តិការ មកទល់ពេលនេះ ពាក្យបណ្តឹងដែលអះអាងថា មានការជួញដូរមនុស្ស គ្រាន់តែមានការថយចុះ ជាងមុនតែប៉ុណ្ណោះ។

លេីសពីនេះ​ សម្ដេច​ ស​ ខេង​ បានរម្លឹកអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តឲ្យ កាន់តែសកម្មថែមទៀតនូវយុទ្ធនាការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែង ភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋានកុំឲ្យ កំរើកឡើងវិញ ព្រមទាំងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវ សហការអនុវត្តការងារទាំងនេះ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមាន ការទទួលខុសត្រូវខ្ពស់ សំដៅរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរ ពង្រឹងកិច្ចសហការគ្រប់គ្រងការចេញចូល និងសន្តិសុខតាមលំហសមុទ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និហខិតខំជំរុញការអនុវត្ត គោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព៕

To Top