ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានជួយក្មួយស្រីម្នាក់ ពុំមានលទ្ធភាពដោះដែកចេញពីជើង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពី២០២១ ហើយមកស្នើសុំឲ្យលោកឧកញ៉ា ជួយជាលើកទី២ បន្ទាប់ពីលោកឧកញ៉ា បានជួយកាលពេលជួបគ្រោះថ្នាក់ភ្លាមៗ ។
ក្មួយស្រីរូបនេះ មានឈ្មោះ ណាង សុខពៅ ភេទស្រី បច្ចុប្បន្នអាយុ១៥ឆ្នាំ មុខរបរជាសិស្ស បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសបាក់ជើងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដោយកាលនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូលអូប័រដឹកក្មេងស្រីរូបនេះ មកព្យាបាលនៅក្រុងព្រះសីហនុ ហើយចេញថ្លៃព្យាបាលទាំងស្រុងផងដែរ។
ដោយពិនិត្យឃើញថាគ្រួសារក្មេងស្រីនេះខ្វះខាតខ្លាំង លោកឧកញ៉ា ក៏បានចេញថវិកាទាំងស្រុង ជាលើកទី២ ដើម្បីជួយក្មួយស្រី ដើម្បីដោះយកដែកចេញ បន្ទាប់ពីព្យាបាលកាលពីជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីឆ្នាំ២០២១។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា តាមពិតទៅក្មេងនេះ ត្រូវដោះយកដែកចេញតាំងពីឆ្នាំ២០២២ ប៉ុន្តែដោយសារគ្មានលទ្ធភាព ខ្វះថវិកា ក៏ពន្យាពេលមកដល់ពេលនេះ និងថាក្រោយទទួលដំណឹងនេះ លោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាជាលើកទី២ ជួយដល់ការវះកាត់យកដែកចេញ តាមបច្ចេកទេសពេទ្យ ដោយលោកឧកញ៉ា ទទួលរ៉ាប់រងចំណាយទាំងស្រុង។
បច្ចុប្បន្នក្មេងរូបនេះជាមួយនឹងក្រុមគ្រួសារ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ឲ្យក្រុមការងារដឹកតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន ទៅលំនៅដ្ឋាននៅកោះរ៉ុងវិញហើយ។
តំណាងគ្រួសារក្មេងស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងជូនពរសព្ទ័សារធុការ ជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាជាលើកទី២ ក្នុងការជួយព្យាបាលដល់ក្មេងស្រីខាងលើ៕