ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ) បានថ្លែងថា អង្គការ FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ មានតម្លៃស្មើនឹងផ្នែកមួយ នៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ។
អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាន នៅទីក្រុងប៉ារីស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបានអង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ. នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈម នឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាគ្រោះ ទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ។
សម្ដេច ក៏បានសម្ដែងកោតសរសើរ ចំពោះសមិទ្ធផលការងារដ៏គួរឲ្យកត់ សម្គាល់ គ.ស.ហ. គឺកិច្ចខិតខំប្រឹងប្រែងឈាន ទៅសម្រេចបានការដកកម្ពុជា ពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ ។
សម្ដេច ស ខេង បានមានប្រសាសន៍ថា «ការដកចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដូច្នេះ គណៈកម្មាធិការសម្រប សម្រួលថ្នាក់ជាតិ ត្រូវតែបន្តការប្ដេជ្ញាចិត្តរក្សាឲ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញ ភារកិច្ចប្រកបដោយទំនួលខុសត្រូវ»។
នាឱកាសនោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានអចិន្ត្រៃនៃ គ.ស.ហ ក៏បានធ្វើរបាយការណ៍លម្អិតជូន សម្ដេច ស ខេង និងអង្គប្រជុំ អំពីសកម្មភាពការងាររបស់ គ.ស.ហ. និង ទិសដៅការងារសំខាន់ៗ មួយចំនួនទៀត ក្នុងបេសកកម្ម ដើម្បីបញ្ចៀសកម្ពុជា មិនឲ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំង ការសម្អាតប្រាក់ជាថ្មីទៀត៕