ព័ត៌មានជាតិ

ការពង្រឹងសមត្ថភាព ការងាររួមក្នុងអង្គភាព ជាការឆ្លើយតបយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយព័ត៌មាន ទៅកាន់សមាជិក ឱ្យបានទាន់ពេលវេលា និងច្បាស់លាស់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាព របបសន្ដិសុខសង្គម” លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា៖ ការធ្វើការងារក្នុងអង្គភាព មិនមែនចេះត្រឹមតែការងារផ្ទាល់ ការងារស្នូលរបស់ខ្លួនទេ គឺត្រូវចេះការងាររួមរបស់អង្គភាពទាំងមូល ហើយវគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាការបង្ហាញចំណេះដឹងថ្មីៗអំពីការងាររួមក្នុងអង្គភាព ប.ស.ស. ដោយកន្លងមកថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗ ធ្វើការទៅតាមជំនាញដោយផ្ដោតទៅលើភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនរៀងៗខ្លួន ក៏ប៉ុន្ដែការយល់ដឹងអំពីគោលការណ៍រួម លិខិតបទដ្ឋានរួមរបស់អង្គភាព នៅមានកម្រិតនៅឡើយ។

លោកអគ្គនាយក ថ្លែងបន្ដថា៖ វគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាឱកាសពង្រឹងសមត្ថភាពបន្ថែមមួយកម្រិតទៀត និងជាមូលដ្ឋានគ្រឹះចំណេះដឹង និងចំណេះធ្វើលើការងារស្នូលរបស់ ប.ស.ស. ដើម្បីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តន៍ប្រព័ន្ធសន្ដិសុខសង្គមថ្មីៗរួមមាន៖ បែបបទ នីតិវិធីនៃ ការចុះបញ្ជិកា បង់ភាគទាន សម្រាប់បុគ្គលស្វ័យនិយោជន៍បែបបទ នីតិវិធីនៃការផ្ដល់តាវកាលិកសន្ដិសុខសង្គមសម្រាប់ផ្នែកទាំង៣ និងលក្ខខណ្ឌផ្សេងៗ ដើម្បីរួមចំណែកផ្សព្វផ្សាយបន្ដឱ្យទទួលបានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងដើម្បីងាយស្រួលឆ្លើយតបព័ត៌មានដែលច្បាស់លាស់ត្រឹមត្រូវទៅកាន់បងប្អូនប្រជាពលរដ្ឋជាពិសេសសមាជិក ប.ស.ស. ផ្ទាល់។

បន្ថែមពីលើនេះ លោកអគ្គនាយក ប.ស.ស. បានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំ ការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម នេះ រៀងរាល់ ៣ខែម្ដង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននានា ទាក់ទងនឹងការវិវត្តន៍ នៃការអនុវត្តរបបសន្ដិសុខសង្គម  ដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ពង្រឹងសមត្ថភាពបន្ថែម ឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីថ្មីៗ សំដៅលើកកម្ពស់ ការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។

លោកអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងព្យាយាមចូលរួមសួរសំនួរអំពីបញ្ហានានា ដែលខ្លួនកំពុងខ្វះខាត ដើម្បីយកទៅបំពេញបន្ថែម ក្នុងការបំពេញការងារ ការផ្សព្វផ្សាយបន្ដ ប្រកបដោយទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: គុណភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម” នេះ  ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី៣ ខែមេសាឆ្នាំ២០២៣ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ ចាប់ពីអនុការិយាល័យ នៃនាយកដ្ឋានចំនួន៨ នៃ ប.ស.ស. សរុបប្រមាណ ២០០នាក់៕

To Top