បច្ចេកវិទ្យា

តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ នឹងផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពល សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោល-នយោបាយ បានថ្លែងថា តួនាទីហិរញ្ញវត្ថុវិមជ្ឈការអាចនឹងផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងឱកាសប្រកាសបើកដំណើរការជាផ្លូវការ នូវសិក្ខាសាលាស្តីពី តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លោក រស់ សីលវ៉ា បានគូសបញ្ជាក់អំពី​ មូលដ្ឋានគ្រឹះនៃការរៀបចំគោលនយោបាយគោលនយោបាយអភិវឌ្ឍបច្ចេក-វិទ្យាហិរញ្ញវត្ថុកម្ពុជាថា គោលការណ៍គ្រឹះចំនួន ៣ រួមមាន៖ (១) លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២) ការរក្សាឱ្យបានស្ថិរភាពហិរញ្ញវត្ថុ និង (៣) អភិវឌ្ឍឱ្យល្អប្រសើរនូវនវានុវត្តន៍ហិរញ្ញវត្ថុ ដោយឈរលើគោលគំនិត ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលឱ្យបានជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បបរមា។

លោកបន្តថា “ហិរញ្ញវត្ថុវិមជ្ឈការអាចនឹងផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពលសម្រាប់ វិស័យហិរញ្ញវត្ថុ ប៉ុន្តែទម្រង់ហិរញ្ញវត្ថុនេះកំពុងក្លាយជាកម្មវត្ថុនៃការពិភាក្សាយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ អំពីហានិភ័យដែលអាចនឹងកើតមាន ជាមួយនឹងភាពស្មុគស្មាញនៃការធ្វើនិយ័តកម្មផងដែរ”។

លោកបានបញ្ជាក់អំពីការគ្រប់គ្រងទិន្នន័យផងដែរថា ការបន្តកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុបានបង្កើតឱ្យមានទិន្នន័យកាន់តែច្រើនឡើងៗ  ដែលនៅរាយប៉ាយ មិនទាន់មានការគ្រប់គ្រង ឬក្របខណ្ឌការពារច្បាស់លាស់។ ក្នុងន័យនេះ, ការគិតគូរពីទិដ្ឋភាពនៃការការពារ និងការគ្រប់គ្រងទិន្នន័យនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបង្កើនការជឿទុកចិត្ត និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសុវត្ថិភាព និងសន្តិសុខខ្ពស់។

ជាមួយគ្នានោះលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គ-លេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានលើកឡើងថា ការគ្រប់គ្រងនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុតាមបែបប្រពៃណីកន្លងមក ត្រូវស្ថិតនៅក្រោមការធ្វើ និយ័តកម្មលើវិស័យហិរញ្ញវត្ថុ ២ ធំៗ គឺវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ប៉ុន្តែ ជាមួយនឹងការរីកចម្រើននៃហិរញ្ញវត្ថុវិមជ្ឈការ បានកំពុងកែប្រែរបៀបនៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងបានលើកជាសំណួរថ្មីពីរបៀបនៃការធ្វើនិយ័តកម្មបែបប្រពៃណីនេះ។

លោកបណ្ឌិត បានបន្តទៀតថា “សកម្មភាព និងប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ហិរញ្ញវត្ថុវិមជ្ឈការ ត្រូវបានយល់ថា មិនតម្រូវឱ្យមានអន្តរការី ឬមិនត្រូវការនិយ័តកម្មនោះទេ ដោយហេតុថា បច្ចេកវិទ្យានេះ ដូចជាបច្ចេកវិទ្យាប្លុកឆេន មានសមត្ថភាពក្នុងការបង្កើតតម្លាភាព និងសុវត្ថិភាពដោយខ្លួនឯង។ ការយល់បែបនេះ បានបង្កើតឱ្យមានជាកង្វល់ថ្មីមួយក្នុងចំណោមនិយ័តករលើសកលលោក ក្នុងការគិតគូររៀបចំគោលនយោបាយ ឬក្របខណ្ឌ ដើម្បីម្ខាងអាចជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ និងម្ខាងទៀតដើម្បីធានាបាននូវការគ្រប់គ្រងផងដែរ។ ក្នុងន័យនេះ, ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, ជាការចាំបាច់ដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់តាមរយៈការដាក់ចេញនូវក្របខណ្ឌនៃការគ្រប់គ្រងសកម្មភាពបែបនេះ”។

សិក្ខាសាលាក៏មានការធ្វើបទបង្ហាញសរុបចំនួន ៦ និងកិច្ចពិភាក្សាចំនួន ២ ស្តីពីទិន្នន័យ និងហិរញ្ញវត្ថុវិមជ្ឈការផងដែរ។ បទបង្ហាញទាំង ៦ រួមមាន៖ (១) ទិន្នន័យក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ ការគ្រប់គ្រងហានិភ័យ និងអនុលោមភាព ដោយតំណាងក្រុមហ៊ុន VISA ប្រចាំអាស៊ីអាគ្នេយ៍, (២) “ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យក្លោដ៖ តុល្យភាពរវាងនវានុវត្តន៍, សន្តិសុខសាយប័រ និងអនុលោមភាពតាមច្បាប់” ដោយតំណាងក្រុមហ៊ុន Huawei Technology, (៣) ទស្សនវិស័យផ្នែកច្បាប់របស់កម្ពុជាទៅលើក្របខណ្ឌការពារ និងសន្តិសុខទិន្នន័យ” ដោយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, (៤) “ការស្វែងយល់ពីហិរញ្ញវត្ថុវិមជ្ឈការ៖ ករណីប្រើប្រាស់ និងផលជះទៅលើការផ្ដល់សេវាហិរញ្ញវត្ថុនានា” ដោយតំណាងក្រុមហ៊ុន Kapronasia, (៥) “ការប្រើប្រាស់ប្លុកឆេនដើម្បីជីវភាពពីអង្ករខ្មែរ សេរីរាង្គ (BlocRice)” ដោយតំណាងអង្គការអុកស្វាមកម្ពុជា និង (៦) “ការធ្វើនិយ័តកម្មហិរញ្ញវត្ថុ វិមជ្ឈការ៖ តើគួរធ្វើនិយ័តកម្មទៅលើប្រព័ន្ធវិមជ្ឈការតាមវិធីណា?” ដោយតំណាងដៃគូនៃ XReg Consulting ។

កិច្ចពិភាក្សាចំនួន ២ រួមមាន៖ (១) “តួនាទី, សារៈសំខាន់ និងសក្ដានុពលនៃការប្រើ-ប្រាស់ទិន្នន័យ និងតម្រូវការក្នុងការធ្វើនិយ័តកម្មទិន្នន័យក្នុងប្រទេសកម្ពុជា” ដោយមានវាគ្មិនមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុន Huawei Technology ដែលសម្របសម្រួលដោយ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ និង (២) “និន្នាការ, វឌ្ឍនភាព និងបញ្ហាប្រឈមបច្ចុប្បន្ន ក្នុងការធ្វើនិយ័តកម្មហិរញ្ញវត្ថុវិមជ្ឈការក្នុងប្រទេសកម្ពុជា” ដោយមានវាគ្មិនមកពីនិយ័តករមូលបត្រកម្ពុជា, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងធុរកិច្ចថ្មី Selendra ដែលសម្របសម្រួលដោយ លោកបណ្ឌិត តាំង ងួនលី។

ជាលទ្ធផល, សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រេចនូវគោលបំណងគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុលរវាងវាគ្មិន និងអ្នកចូលរួម ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ តាមរយៈការចែករំលែកទស្សនាទាន បទពិសោធ និងការពិភាក្សាពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានទទួលនូវធាតុចូលល្អៗជាច្រើន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការតាក់តែងសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។

សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន និងនិយ័តករ, គ្រឹះស្ថានអប់រំ,​ គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ, សមាគម, និងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបចំនួន ១៣០ រូប។ សិក្ខាសាលានេះផងដែរ រៀបចំឡើងក្នុងគោលបំណង (១) កំណត់ និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ​ និងផលជះនៃហិរញ្ញវត្ថុវិមជ្ឈការទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, (២) កំណត់ និងស្វែងយល់អំពីសមាស-ភាគ និងយន្តការនៃក្របខណ្ឌ​ការពារទិន្នន័យនៃប្រព័ន្ធវិមជ្ឈការ និង (៣) បន្តប្រមូលធាតុចូលបន្ថែមលើហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា៕

To Top