ភ្នំពេញ៖ ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធន៍ នៅលើស្រែកសិករ ចំនួន៨០កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងកសិកម្ម និងស្ថានទូតអូស្ត្រាលី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា «ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI) និងរដ្ឋាភិបាលអូស្រ្តាលី»។
ប្រភព ដដែល បន្ដថាចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុង ពិភពលោកជាមួយនឹងស្រឡាយស្រូវ មិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។
ទិវាស្រែចំនួនបីត្រូវបានរៀបចំ ដោយាមានការចូលរួមពី កសិករប្រមាណជា ៩០នាក់ ដែលមួយភាគបីនៃអ្នកចូលរួម គឺជាស្រ្តីដើម្បីវាយតម្លៃទៅលើស្រឡាយ ដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ ត្រូវបានជ្រើសរើស និងដាក់ជូនគណៈកម្មការបញ្ចេញពូជដំណាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក Justin Whyatt ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅ CARDI។
សូមបញ្ជាក់ថា ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ។ ស្រូវនេះ គឺជាប្រភេទពូជស្រូវ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល៕