ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើទូតអូស្ដ្រាលី ជួយចលនាអ្នកវិនិយោគ និងអ្នកទេសចរអូស្រ្តាលី មកបណ្តាក់ទុន និងទស្សនានៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
នាឱកាសអនុញ្ញាឱ្យលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៤ មេសា សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ដោយ សេចក្តីរីករាយចំពោះការកើនឡើង នៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ មានការកើនឡើងជានិច្ច។

សម្តេច បញ្ជាក់ថា «ស្នើឯកឧត្តមឯកអគ្គរដ្ឋទូតជួយចលនា លើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគ និងទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត»។
សម្តេចបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអូស្រ្តាលីមានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នា ដោយបានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងគាំទ្រគ្នានៅក្នុងក្របខ័ណ្ឌអន្តរសភា។ ជាមួយគ្នានោះ ព្រឹទ្ធសភាកម្ពុជា ក៏បានបង្កើតក្រុមមិត្តភាព ជាមួយសភាអូស្រ្តាលីផងដែរ។

លោក ឯកអគ្គរដ្ឋទូត មានជំនឿថា តាមរយៈបេសកកម្មការទូតរបស់លោក នឹងខិតខំរួមចំណែកក្នុងការ ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានោះ លោក នឹងខិតខំរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរៈកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន ៕
