ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣នេះ។

ក្នុងពិធីនេះ លោកឃួង ស្រេង និងលោកស្រី បានអញ្ជើញសូត្រមន្ត តាមបែបសាសនា នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែរ ទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី)មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។

ការប្រារព្វពិធីនេះឡើង គឺដើម្បីឧទ្ទិសដល់ចល្លាមុនីចេតីយ រំលឹកគុណដល់បុព្វការីជន អ្នកកសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំឱ្យបុព្វកាលរីជនទាំងនោះជួយថែរក្សា ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញឱ្យជួបតែសេចក្តីសុខចំរើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣នេះ។

ទង់ជ័យឆព្វណ្ណរង្សី ដែលបានបង្ហូតឡើងនេះ តំណាងឱ្យជាតិសាសន៍ ឬ ព្រះពុទ្ធសានា នៅលើពិភពលោក ធ្វើឱ្យពុទ្ធសាសនិក មានចិត្តស្ងប់ មិនកាចសាហាវ គោរពបូជាចំពោះព្រះធម៌ និងរួមចិត្តថ្លើមគ្នា ដើម្បីបានសេចក្តីសុខសប្បាយរហូតតទៅ៕







