ព័ត៌មានជាតិ

សមយុទ្ធកងទ័ព​ កម្ពុជា-ចិន ចង់បង្ហាញពិភពលោក ឱ្យកាន់តែច្បាស់ អំពីមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ

ភ្នំពេញ​៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញដល់ពិភពលោកឲ្យឃេីញកាន់តែច្បាស់បន្ថែម ទៀតពីភាពជា «មិត្តដែកថែប» រវាងកម្ពុជា-ចិន មិនអាចបំបែកបំបាក់បាននោះឡើយ។

សមយុទ្ធកងទ័ព កម្ពុជា-ចិន ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក ផងដែរ។

ក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន ២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេច ទៀ បាញ់ បានលើកឡើងថា សមយុទ្ធ«នាគមាសឆ្នាំ២០២៣»រវាងកងទ័ពកម្ពុជា និងចិនលើកទី៥នេះ បានផ្តល់ឱកាសដល់កងទ័ពទាំងពីរទទួលបានការផ្លាស់ប្តូរបន្ថែម នូវចំណេះដឹងបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា កាន់តែជិតស្និតថែមទៀតសម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។

សម្តេច បានលើកឡើងថា តាមរយៈសមយុទ្ធរួមគ្នាជាមួយកងទ័ពចិនក្នុងរយៈពេល២០ថ្ងៃមកនេះ កងទ័ពកម្ពុជាក៏ទទួល បាន នូវបទពិសោធន៍ និងចំណេះដឹងថ្មីៗថែមទៀត ដូចជាការចល័តកងកម្លាំង ការដោះស្រាយជាយថាហេតុ ការរុករក បោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រតិបត្តិការមនុស្សធម៌ ការដោះស្រាយជំងឺឆ្លង និងកិច្ចការសង្គមមួយចំនួន ទៀត និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំកម្លាំងសម្រាប់ចូលរួមព្រឹត្តិការណ៍ SEA Games-ASEAN. Para Games 2023 នាពេលដ៏ខ្លីខាងមុខទៀតផងដែរ។

សម្តេច ប្រមុខការពារជាតិ បានបញ្ជាក់ថា «សមយុទ្ធនេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោក នាពេល បច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាព អន្តរជាតិមាន ការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេនូវ មិត្តភាពដែកថែប យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សំដៅជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។

លើសពីនេះ សម្ដេច ទៀ បាញ់ បានអះអាងទៀតថា សមិទ្ធផលសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិន លើកនេះ បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំសម្រាប់កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេស និងកងទ័ពទាំងពីរ ស្របពេលដែលស្ថានការណ៍នៅលើពិភពលោកមានភាពប្រែប្រួល និងវិវត្តន៍ យ៉ាងឆាប់រហ័ស និងក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាល, មានសុខសន្តិភាព ជំនះគ្រប់ ឧបសគ្គគ្រប់បែបយ៉ាង រួមចិត្តតែមួយ កៀកស្មាគ្នា និងធ្វើការជាមួយគ្នាគ្រប់ការលំបាក និងគ្រប់កាលៈទេសៈ សម្រេចបានជោគជ័យតាម ផែនការគ្រោងទុក។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច ទៀ បាញ់ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រឥតងាករេចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាឯករាជ្យ អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និងលើកកម្ពស់ជាបន្តបន្ទាប់នៃរបៀបវារៈ នយោបាយជាតិសំខាន់ៗ របស់កម្ពុជា ហើយប្រឆាំងជាដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា៕

To Top