ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងដាក់កម្លាំង ១០ម៉ឺននាក់ សម្រាប់ការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍បោះឆ្នោត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការ បោះឆ្នោត (គ.ស.អ) បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល នឹងដាក់កងកម្លាំង ១០ម៉ឺននាក់ សម្រាប់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀប រយ ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

នាឱកាសអញ្ជើញផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានណែនាំដល់កម្លាំង ត្រូវសន្ដិសុខទូទៅ ដូចជា ផែនការដាក់ពង្រាយកម្លាំង ដើម្បីធានាសន្ដិសុខ សម្រាប់ការបោះឆ្នោត ព្រមទាំងកំពុងរៀប ចំបណ្ដុះបណ្ដាល ដល់ភ្នាក់ងារសន្ដិសុខសម្រាប់ការបោះឆ្នោត អំពីច្បាប់ ការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោត និងក្រមសីលធម៌។

សម្ដេច បញ្ជាក់ថា «ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនថា ក្នុងការប្រើប្រាស់កម្លាំង តាមការចាំបាច់សម្រាប់ការបោះឆ្នោតនេះ មានរហូតដល់ ១០ម៉ឺននាក់ ក្នុងនោះ យើងក៏ប្រើប្រាស់កម្លាំងប្រជាការពារ ក្នុងរង្វង់ ២០៣០០នាក់ ទាំងកម្លាំងត្រៀម បម្រុងផង»។

សម្ដេច បន្ដថា ការបណ្ដុះបណ្ដាល វគ្គបំប៉នគឺជាការចាំបាច់ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែរៀបចំការងារ នេះយ៉ាង សកម្មផងដែរ ដើម្បីធ្វើការបណ្ដុះបណ្ដាល ជាពិសេស បណ្ដុះបណ្ដាលដល់ប្រជាការពារ។
សម្ដេច រំលឹកថា កម្ពុជា មានបទពិសោធន៍បោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ នាពេលកន្លងទៅ ក៏បានប្រើប្រាស់កម្លាំងប្រជា ការពារជាង ២ម៉ឺននាក់ ដោយទទួលបានលទ្ធផលល្អ។

ឆ្លៀតឱកាសនោះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់អាជ្ញាធរ សាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ។ ទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជន គណបក្សនយោបាយ និងអ្នក បោះឆ្នោតតាមគ្រប់រូបភាព៕

To Top